(ប៉ៃលិន)៖ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធាន ស.ស.យ. ក ខេត្ត បានឱ្យដឹងថា រហូតមកដល់ពេលនេះ ដើម្បីបានថវិកាសប្បុរសធម៌ ពីប្រជាពលរដ្ឋយកទៅជួយ ដល់មន្ទីរពេទ្យកុមារអង្គរ ដែលត្រូវការជំនួយសប្បុរសជនទូទាំងប្រទេសជាបន្ទាន់ សម្រាប់យកទៅព្យាបាលកុមារកំពុងមានជំងឺ ដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យកុមារអង្គរជាច្រើននាក់ ទើបក្រុមយុវជន ស.ស.យ.ក បានចេញដំណើររត់ថ្មើជើងតាំងពីរាជធានីភ្នំពេញ ដោយមានក្រុមយុវជន នៅតាមបណ្តាខេត្ត ត្រៀមរត់ជាបន្តបន្ទាប់គ្នាដែរ រហូតមកដល់ក្នុងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ក៏បាននាំគ្នាទៅរង់ចាំទទួលក្រុមយុវជនផ្សេងៗទៀត នៅព្រំប្រទល់ខេត្តប៉ៃលិន ខេត្តបាត់ដំបង ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ពីប្រជាពលរដ្ឋ នៅតាមភូមិ និងតាមដងផ្លូវ យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

លោក ហុក សុផល បានឱ្យដឹងថា កាលពីវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ក៏ដូចជាអាជ្ញាធរខេត្តបានបរិច្ចាគថវិកាមួយចំនួន ដើម្បីចូលរួមផ្តល់ជាមូលនិធិសប្បុរសធម៌ ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

លោកបន្តថា ចំពោះការរត់ថ្មើជើងប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ គឺធ្វើនៅទូទាំងប្រទេស ដោយក្រុមយុវជន រាជធានីភ្នំពេញ រត់ថ្មើជើងដល់ខេត្តណា ក្រុមយុវជនខេត្តនោះ ត្រូវរត់បន្តទៀតពោល គឺរត់វិលជុំក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យខាងលើ សម្រាប់យកទៅទុកព្យាបាលដល់កុមារ ដែលកំពុងតែត្រូវការជំនួយសង្គ្រោះបន្ទាន់៕