(បន្ទាយមានជ័យ)៖ ផ្លូវថ្មល់ DBST ប្រវែង៣គីឡូម៉ែត្រ ចាប់ពីភូមិប្រឡាយហ្លួងលើ ភូមិព្រះស្រែ ក្នុងឃុំឬស្សីក្រោក ដល់ឃុំតាឡំ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលរងការខូចខាតខ្លាំងដោយសារទឹកជំនន់ និងទឹកហូរបុកមកពីប្រទេសថៃ ត្រូវបានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងជំនាញកម្លាំង ជួសជុលឡើងវិញ ដើម្បីធ្វើការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ការជួសជុលផ្លូវដែលខូចខាតដោយទឹកជំនន់នេះចំណាយថវិការបស់ខេត្ត។

ក្នុងនោះលោក អ៊ុ រាត្រី បានថ្លែងថា ទឹកជំនន់ឆ្នាំ២០២០នេះ ហេដ្ឋារចនាសម្ព័ន្ធជនបទនៅខេត្តបន្ទាយមានជ័យជាច្រើនត្រូវទទួលរងកាប៉ះពាល់ និងរខូចខាតដោយទឹកជំនន់ ធ្វើឱ្យប្រជាពលរដ្ឋ មិនអាចធ្វើដំណើរ និងដឹកជញ្ជូនបានក្នុងនោះមានទាំង ៩ក្រុង ស្រុក ទឹកហូរកាត់ផ្លូវ ៧៤១កន្លែង មានប្រវែង ៤៩២,៥៣៣ម៉ែត្រ ខូតខាតខ្លាំងជាងគេមាន ៣ក្រុង ស្រុក មានស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ដែលត្រូវធ្វើការជួសជុលឡើងវិញ។

ចំណែកផ្លូវជនបទ ដែលខូចខាតធ្ងន់ធ្ងរជាងគេមានដូចជា ផ្លូវបត់ត្រង់ ផ្លូវតាឡំ ផ្លូវចំណោម ផ្លូវសាយសាម៉ន នៅស្រុកមង្គលបូរី ផ្លូវស្រែល្អ នៅស្រុកថ្មពួក ផ្លូវភ្នៀត នៅក្រុងសិរីសោភ័ណ ផ្លូវតាផូ នៅស្រុកស្វាយចេក និងភ្នំស្រុកជាដើម។

លោក អ៊ុ រាត្រី បានបញ្ជាក់ថា ក្នុងស្រុកមង្គលបូរីនេះ មានហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្រោយពីទឹកជំនន់វាយបុកខ្លាំងកន្លងមកនោះបានរងរនូវការខូចខាតយ៉ាងដំណំ ពិសេសគឺផ្លូវដែលត្រូវបានទឹកហូរកាត់ផ្តាច់ ធ្វើឱ្យការធ្វើដំណើរដឹកកសិផលរបស់ប្រជាកសិករជួបការលំបាក និងការជួយសង្រ្គោះប្រជាពលរដ្ឋមានជំងឺឈឺស្កាត់ត្រូវដឹកមកមន្ទីរពេទ្យជាដើម។

លោកបានលើកឡើងថា ដោយមានការណែនាំពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងដើម្បីជាការឆ្លើយតបនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនោះ លោកបានដឹកនាំក្រុមការងារជួសជុលស្តារឡើងវិញ នូវផ្លូវទាំង២ឃុំនេះឡើង ដោយការរងការខូចខាតប្រវែង ៣គីឡូម៉ែត្រ ដោយទឹកជំនន់កន្លងមកខ្លាំង។

លោកបានគូសបញ្ជាក់ថា ថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនេះ គឺជាថវិការបស់ខេត្ត ចំណែកផ្លូវដែលខូចមិនទាន់ជួសជុល និងបន្តជួសជុលនៅពេលថ្ងៃមុខទៀត មិនទុកចោលទេគ្រាន់តែមុនក្រោយប៉ុណ្ណឹង និងត្រូវអភិវឌ្ឍន៍បន្ត៕