(បន្ទាយមានជ័យ)៖ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក លោក សៅ នី សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក និងលោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានចុះត្រួតពិនិត្យផ្លូវចំនួន២ខ្សែដែលមានប្រវែង ៩គីឡូដែលក្រុមការងារ កំពុងធ្វើការជួលជុលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រោយពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀង កាលពីពេលថ្មីៗកន្លងទៅ។

លោក គឹង វណ្ណៈ បានប្រាប់ឲ្យដឹងថា ផ្លូវដែលក្រុមការងារកំពុងជួសជុល នោះមាន២ខ្សែមាន ដោយខ្សែទី១ ត្រង់ចំណុចផ្លូវវិស្វកម្មបំបែកទៅគោកតាទេន ភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ដែលមានប្រវែងសរុប៨គីឡូម៉ែត្រ តែក្នុងនោះជំនន់ទឹកភ្លៀងបានវាយប្រហារចំណុចខ្លះៗ នៃប្រវែងផ្លូវពាក់កណ្តាលប៉ុណ្ណោះ។ ខ្សែទី២ ផ្លូវចូលភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ប្រវែងប្រមាណ១គីឡូម៉ែត្រ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងស្រុកថ្មពួកនេះហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្រោយពីទឹកជំនន់វាយបុកខ្លាំងកន្លងមកនោះ បានរងរនូវការខូចខាតយ៉ាងដំណំ ពិសេសគឺផ្លូវដែលត្រូវបានទឹកហូរកាត់ផ្តាច់ ធ្វើឲ្យការធ្វើដំណើរដឹកកសិផល របស់ប្រជាកសិករជួបការលំបាក
និងការជួយសង្រ្គោះប្រជាពលរដ្ឋមានជំងឺឈឺស្កាត់ ត្រូវដឹកមកមន្ទីរពេទ្យជាដើម។

លោក គឹង វណ្ណៈ បានបញ្ជាក់ថា ដោយមានការណែនាំពីលោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងដើម្បីជាការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនោះ លោកបានដឹកនាំក្រុមការងារជួសជុលស្តារឡើងវិញ ផ្លូវ២ខ្សែនៅ ឃុំពួក និងឃុំគោករមៀត រងការខូចខាតប្រវែង ៩គីឡូម៉ែត្រ ដោយទឹកជំនន់កន្លងមក។ លោកបានបញ្ជាក់ទៀតថា ថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនេះឧបត្ថម្ភពីលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ហេម ចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ កែ គឹមយ៉ាន៕