(ភ្នំពេញ)៖ ជាការវាយតម្លៃអំពីស្ថានភាពកូវីដ១៩ ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា កម្ពុជាពេលនេះ ស្ថិតនៅក្នុងស្ថានភាពមួយ ដែលត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ហើយកម្រិតគ្រោះថ្នាក់យ៉ាងណានោះ គឺអាស្រ័យទៅលើការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្រិតគ្រោះថ្នាក់ អាស្រ័យទៅលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ប៉ុន្តែបច្ចុប្បន្ននេះ ដូចប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង លោកបានមានប្រសាសន៍រួចហើយ លោកថាស្ថានការណ៍ហ្នឹង ស្ថិតនៅក្នុងការគ្រប់គ្រង បាននៅឡើយទេ»

លោកស្រី បានបញ្ជាក់បន្ថែមថា៖ «ស្ថានភាពរបស់យើងស្ថិតនៅក្នុងស្ថានភាពមួយ ដែលត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩នេះពីបុគ្គលមួយទៅបុគ្គលមួយ ពីបុគ្គលទៅ គ្រួសាររបស់ខ្លួន ហើយក៏ដូចជាពីបុគ្គលចូលទៅក្នុងសហគមន៍របស់យើងដែរ»

គិតត្រឹមព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ សរុប៣០១នាក់ ដែលក្នុងនោះមានស្រ្តី៦១នាក់ និងបុរស២៤០នាក់ ហើយចំណោមនោះ មានការព្យាបាលជាសះស្បើយសរុប ៩៦ភាគរយ ដែលស្មើនឹង២៨៩នាក់ ដោយបច្ចុប្បន្ន នៅសល់តែអ្នកជំងឺ១២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដោយឡែកសម្រាប់តែព្រឹត្តិការណ៍៣វិច្ឆិកា គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានធ្វើតេស្ត ចំនួន២៥៥៣ វត្ថុសំណាក លើបុគ្គលដែលបានធ្វើតេស្តលើកទី១ ចំនួន១៧៣៤នាក់ និងលើកទី២ មានចំនួន៨១៩នាក់ ហើយក្នុងចំនួននោះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ប៉ុណ្ណោះ។

បើតាមលោកស្រី ឱ វណ្ណឌីន, ក្នុងចំណោមអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្មីចំនួន១៧៣៤នាក់នោះ មាន៣៥នាក់ ត្រូវបានធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខាភ្នំពេញ និងអ្នកផ្សេងទៀតធ្វើ ចត្តាឡីស័ក នៅតាមផ្ទះ ដោយមានការយកចិត្តទុកដាក់តាមដានពីអាជ្ញាធរមូលដ្ឋាន។

លោកស្រីបានបន្ថែមទៀតថា នៅថ្ងៃស្អែកនេះ នឹងមានការយកសំណាកលើកទី៣ សម្រាប់អ្នកដែលបានប៉ះពាល់ នៅក្នុងព្រឹត្តិការណ៍៣វិច្ឆិកា។ លោកស្រី បានអញ្ជើញអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលទាំងអស់បន្តទៅធ្វើតេស្តជាលើកទី៣។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកស្រីបានអះអាងថា ៩៩,៧៧ភាគរយ គឺអវិជ្ជមាន សម្រាប់អ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលនេះជាចំណុចល្អមួយសម្រាប់កម្ពុជា ដែលគ្រប់គ្រង និងចាត់ចែងដោយផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ក្នុងគ្រប់គ្រងសភាពការណ៍នេះ បានយ៉ាងល្អ។

លោកស្រីបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ កុំឱ្យភ្លេចកូវីដ១៩ ដោយសារតែកូវីដ១៩ មិនដែលភ្លេចយើងទេ ហើយត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល ឱ្យបានត្រឹមត្រូវទាំងអស់គ្នា ដើម្បីការពារកុំឱ្យជំងឺកូវីដ១៩ ចូលក្នុងសហគមន៍កម្ពុជា៕