(ត្បូងឃ្មុំ)៖ ដើម្បីបំពេញការខ្វះខាតសៀវភៅ និងឯកសារស្រាវជ្រាវនានាក្នុងបណ្ណាល័យនៅតាមវិទ្យាល័យ ជាពិសេសក្នុងគោលបំណងបំផុសស្មារតី ជំរុញលើកកម្ពស់ការអានសៀវភៅដល់សិស្សានុសិស្ស ពិសេសយុវជន លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី បានចំណាយថវិការផ្ទាល់ខ្លួនទិញសៀវភៅចំនួន៦០មុខ សរុបចំនួន ២០០០ក្បាល ព្រមទាំងបង់អង្គុយចំនួន១០ឈុត (ក្នុង១ វិទ្យាល័យ ១ឈុត) ផ្តល់ជូនបណ្ណាល័យនៃវិទ្យាល័យចំនួន១០ ក្នុងខេត្តត្បូងឃ្មុំ សម្រាប់ដើមឆ្នាំសិក្សាថ្មី ២០២០-២០២១នេះ។

សៀវភៅទាំង៦០មុខនោះ មានដូចជា៖ កម្រងវិញ្ញាសារគ្រប់មុខ សៀវភៅប្រលោមលោក, គតិគំនិត, ប្រវត្តិសាស្ត្រ, វិទ្យាសាស្ត្រ, ព្រេងនិទាន, ភាពជាអ្នកដឹកនាំ-ល- សរុបចំនួន ២,០០០ក្បាល រួមទាំងបង់អង្គុយ ត្រូវបានលោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី នាំយកទៅផ្តល់ជូនដល់វិទ្យាល័យទាំង១០ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ដោយសម្លឹងឃើញយ៉ាងច្បាស់ និងចូលរួមលើកស្ទួយវិស័យអប់រំ តាមរយៈការផ្តល់ជូននូវចំណេះដឹងទាំងឡាយដល់សិស្សានុសិស្ស ដែលមាននៅក្នុងសៀវភៅទាំងនេះ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ តំណាងឱ្យក្រសួងអប់រំ មន្ទីរអប់រំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ដែលបានឧបត្ថម្ភផ្តល់ជូនក៏ដូចជា ស.ស.យ.ក ខេត្តផងដែរ ព្រមទាំងសម្តែងអារម្មណ៍ត្រេកអរសប្បាយចិត្តយ៉ាងក្រៃលែង ដែលលោកបណ្ឌិតអភិបាលខេត្ត និងលោកស្រីតែងតែគិតគូរយកចិត្តទុកដាក់លើការសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាចូលរួមលើកស្ទួយវិស័យកីឡានានា ក្នុងខេត្តយ៉ាងពេញទំហឹងដូចគ្នាផងដែរ។

សូមជម្រាបថា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រីកន្លងមកបានចូលរួមជួយយ៉ាងពេញទំហឹងទាំងថវិកា សម្ភារៈ និងកម្លាំងកាយចិត្ត រួមជាមួយមន្ទីរអប់រំ និងបានការចូលរួមពី ស.ស.យ.ក ខេត្ត ក្នុងការលើកកម្ពស់វិស័យអប់រំក្នុងខេត្ត ដោយធ្វើការផ្តល់ជូនសៀវភៅសិក្សា ថវិកា និងសម្ភារៈ តាមរយៈមន្ទីរអប់រំ ចុះសំណេះសំណាលតាមបណ្តាសាលាក្នុងខេត្ត ពិសេសសិស្សានុសិស្សរៀនបំប៉នត្រៀមប្រលងថ្នាក់ទី១២ ដែលការសិក្សានេះធ្វើឡើងដោយ ស.ស.យ.ក ខេត្ត ឧបត្ថម្ភដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួយដល់សិស្សានុសិស្សក្រីក្រមិនមានលទ្ធភាពមករៀន ក៏ដូចជាផ្តល់រង្វាន់ជូនដល់សិស្សពូកែទទួលជ័យលាភីក្នុងសាលា និងសិស្សពូកែបាក់ឌុបនិទ្ទេស A នូវកុំព្យូទ័រយួរដៃម្នាក់ ១គ្រឿង ថវិកា និងអាហាររូបករណ៍បន្តការសិក្សាថ្នាក់ឧត្តមជាដើម។

អ្វីទាំងអស់នេះ គឺជាការចូលរួមបំផុស លើកស្ទួយការសិក្សា ពិសេសការអានសៀវភៅរបស់យុវជន របស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលតែងបានមានប្រសាសន៍លើកឡើងថា «ចេះមកពីរៀន មានមកពីរក មានតែការអានសៀវភៅ និងសិក្សាស្រាវជ្រាវបន្ថែមនោះទេ ជាកំណប់ទ្រព្យយ៉ាងគាប់ប្រសើរ សម្រាប់មនុស្ស ពិសេសយុវជន ជាប្រយោជន៍មិនអាចកាត់ថ្លៃបានសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ខ្លួន អនាគតខ្លួន និងជាសសរទ្រូងយ៉ាងរឹងមាំ សម្រាប់សង្គមជាតិកម្ពុជាទាំងមូល»៕