(ស្វីស)៖ កញ្ញា អន ម៉ូនីតា ជានិស្សិតខ្មែរម្នាក់ ដែលបានចាកចេញពីមាតុភូមិទៅសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញការគ្រប់គ្រងសណ្ឋាគារនៅសកលវិទ្យាល័យ Business Hotel Management School ឆ្នាំទី១។ កំពុងសិក្សានៅទីនោះ ម៉ូនីតា បានទទួលការរាប់អានពីសំណាក់និស្សិតខ្មែរ ដែលបានទៅរៀនមុនៗ ព្រមទាំងនិស្សិតជនជាតិស្វីស និងបរទេសផ្សេងទៀត ប្រកបដោយភាពកក់ក្តៅ។

បើទោះជាកំពុងរៀននៅប្រទេសមួយក្នុងសហគមន៍អ៉ឺរ៉ុបក្តី តែកញ្ញាបាននឹករលឹកដល់មាតុភូមិកម្ពុជាជានិច្ច និងសន្យាថា ពេលរៀនចប់កញ្ញានឹងត្រឡប់មកស្រុកកំណើតវិញ និងចង់ប្រកបរបរគ្រប់គ្រង Hotel ដែលកញ្ញាបានសិក្សាជំនាញនេះកន្លងមក។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កញ្ញា អន ម៉ូនីតា ដែលកើតក្នុងគ្រួសារមានជីវភាពគ្រាន់បើម្នាក់នៅរាជធានីភ្នំពេញ បានរៀបរាប់ថា ទោះបីជាឃ្លាតឆ្ងាយពីមាតុភូមិកម្ពុជាក្តី តែកញ្ញានៅតែឆ្លៀតពេលវេលាដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ ចែករំលែកនូវបទពិសោធន៍ជាក់ស្តែងដែលកញ្ញាបានបន្តការសិក្សានៅប្រទេស Switzerland។

សូមបញ្ជាក់ថា ប្រទេសស្វីស គឺជាប្រទេសមួយដែលពោរពេញទៅដោយសន្តិភាព សុវត្ថិភាពជាងគេលើពិភពលោក។ កញ្ញា អន ម៉ូនីតា បានសិក្សានៅទីនោះផ្នែកជំនាញការគ្រប់គ្រង Hotel នៅសាលា Business Hotel Management School ដែលជាសាលាមួយដែលល្បីជាងគេជំនាញ Hotel នៅប្រទេស Switzerland។

កញ្ញាបានបន្តថា «ការរស់នៅទីនេះប្រកបដោយផាសុខភាពដ៏ប្រសើរ បរិស្ថានល្អ អនាម័យខ្ពស់ ទេសភាពល្អប្រណិតជាទីទាក់ទាញអារម្មណ៍ដ៏ស្រស់ស្រាយ។ ចំណែកឯមិត្តភក្តិការប្រាស្រ័យ ទាក់ទងគ្នាបានល្អ សមដូចពាក្យមួយឃ្លាបានពោលថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។

ម្យ៉ាងទៀតលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ចំពោះសិស្សបានប្រសើរណាស់ ហើយការសិក្សាក៏ល្អឥតខ្ចោះ វិន័យក៏តឹងរឹងហ្មត់ចត់ច្បាស់លាស់ដែលប្រកបដោយគុណភាពខ្ពស់។ ស្នាមញញឹម និងការរួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកគ្រូ អ្នកគ្រូ មិនដែលអាក់ខានឡើយ។ នាងពេញចិត្តណាស់ចំពោះការសិក្សានៅទីនោះ។

បើតាម ម៉ូនីតា នៅពេលដែលកញ្ញាបញ្ចប់ការសិក្សា ហើយត្រឡប់មកមាតុប្រទេសវិញ កញ្ញាចង់ប្រកបរបរគ្រប់គ្រង Hotel ដែលកញ្ញាបានសិក្សាជំនាញនេះកន្លងមក។

សម្រាប់និស្សិតខ្មែរម្នាក់នេះ ទាក់ទិននឹងជំងឺកូវីដ១៩ គឺកញ្ញា ព្រមទាំងនិស្សិតផ្សេងទៀត មានការប្រុងប្រយ័ត្នខ្ពស់ និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការសុខាភិបាលប្រទេសស្វីស ជាលទ្ធផលនិស្សិតខ្មែរយើងនៅទីនោះ មិនមានការឆ្លងជំងឺកាចសាហាវមួយនេះឡើយ។

សូមបញ្ជាក់ថា របាយការណ៍របស់អ្នកនាំពាក្យក្រសួងអបរំ យុវជន និងកីឡា លោក រស់ សុវាចា បានបង្ហាញ រហូតមកដល់ពេលនេះសម្រាប់និស្សិតខ្មែរ ដែលទៅបន្តការសិក្សានៅសហគមន៍ អ៉ឺរ៉ុបមានចំនួន៨៧ ក្នុងនោះស្រី២០នាក់៕