(កំពត)៖ ករណីលិចទូកនេសាទ នៅតំបន់ខាងក្រៅឈាងខាងត្បូងកោះសារាំង ទឹកដីខេត្តកំពត នៅល្ងាចថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ច បានរកឃើញ និងស្រង់បានទូកហើយ ដោយឡែកប្រជានេសាទ២នាក់ ដែលបាត់ខ្លួននោះ នៅមិនទាន់រកឃើញនៅឡើយទេ ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News ថា តាមពិតករណីលិចទូកនេះបានកើតឡើង តាំងពីមុនថ្ងៃចូលឆ្នាំចិនមកម្ល៉េះ ប៉ុន្តែសាច់ញាតិរបស់ជនរងគ្រោះ មិនបានជូនដំណឹងមកខាងសមត្ថកិច្ច លុះពេលរកនៅតែមិនទាន់ឃើញជនរងគ្រោះ ទើបរាយការណ៍មកសមត្ថកិច្ច ឲ្យជួយសុំកិច្ចសហការជាមួយភាគីវៀតណាម នៅកោះត្រល់ដើម្បីជួយអន្តរាគមន៍។

លោកឧត្តមសេនីយ៍ ទូច ពលៈ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ប្រចាំការនៅខេត្តកំពត បានប្រាប់ភ្នាក់ងារ Fresh News ថា ទូកត្រូវបានស្រង់យករួចហើយ ប៉ុន្តែ មនុស្សនៅលើទូកនេះចំនួន២នាក់ នៅបាត់ខ្លួននៅឡើយ ហើយសមត្ថកិច្ចនគរបាលព្រំដែនទឹក​​ កំពុងសហការជាមួយសមត្ថកិច្ច ខាងប្រទេសវៀតណាម ដើម្បីស្វែងរកជនរងគ្រោះ ខណៈការស្លាប់ឬរស់ពុំទាន់ដឹងនៅឡើយ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ការលិចទូកនេសាទមួយគ្រឿងនេះ គឺមកពីខ្យល់បោកបក់ និងមានរលកខ្លាំងៗ នៅពេលដែលពួកគេកំពុងទៅនេសាទនោះ។