(ភ្នំពេញ)៖ របាយកាណ៍របស់ការិយាល័យ ស្ថិតិពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មអាមេរិក បានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ មានទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានទឹកប្រាក់ ៤ ៨២៨.៧លានដុល្លារ កើនឡើងជិត២២ភាគរយ បើធៀបនឹងរយៈដូចគ្នា ឆ្នាំ២០១៩ ដែលមានចំនួន ៣ ៩៥៨.៧លានដុល្លារ។

ដោយឡែកសម្រាប់ការនាំចូលរបស់កម្ពុជាពីសហរដ្ឋអាមេរិកវិញ នៅរយៈពេល៩ខែឆ្នាំនេះ មានទឹកប្រាក់ ២៣២លានដុល្លារ ធ្លាក់ចុះ៤២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទឹកប្រាក់ ៤០០លានដុល្លារ។

ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញ ទៅអាមេរិកមាន សម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជានាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនីអេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

គួរបញ្ជាក់ថា បើតាមតួលេខរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំពាណិជ្ជកម្មនាំចូលរបស់ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ មានតម្លៃប្រមាណ ១៣.៦ ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ថយចុះ៨.៧០%។

ដោយឡែកចំពោះទំហំពាណិជ្ជកម្មនាំចេញក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ មានតម្លៃប្រមាណ ១៤.១ ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេល ៩ខែ ឆ្នាំ២០១៩ កើនឡើង ២០.០៧%។ ទំហំទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាន ទោះបីជាសេដ្ឋកិច្ចសកល រំពឹងថានឹងមានកំណើនអវិជ្ជមាន និងបណ្តាលប្រទេសដៃគូពាណិជ្ជកម្ម កំពុងជួបប្រទះបញ្ហានៃការរីករាលនៃជំងឺកូវីដ១៩ក្តី។

ទំនិញដែលមានកំណើននាំចេញខ្ពស់ មានដូចជា អង្ករ កង់ គ្រឿងអគ្គិសនី ផលិតផលកសិកម្មផ្សេងទៀតក៏កើនឡើងដែរ និងមាស៕