(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបែងចែកម៉ាសភ្លាមៗដល់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅចែកបន្តជូនពលរដ្ឋដែលខ្វះខាត ព្រមទាំងបានផ្តល់ជូននគរបាលចរាចរ៤០គោលដៅ ដើម្បីពាក់បំពេញភារកិច្ច ក្រោយពេលទទួលបានម៉ាសចំនួន២លានពីក្រសួងសុខាភិបាល។

លោកអភិបាលរាជធានី បានបញ្ជាក់ទៀតថា នៅថ្ងៃស្អែកនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តសកម្មភាពចែកម៉ាសនៅតាមផ្សារ និងគោលដៅផ្សេងៗទៀត ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋដែលខ្វះខាត ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ សម្តេចបានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩។

ភ្លាមៗក្រោយទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល, ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសជូនដល់អភិបាលរាជធានីភ្នំពេញ អំពីការប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ ផងដែរ៕