(កំពង់ឆ្នាំង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូដឹកនាំ អញ្ជើញចុះត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងដំណើទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

ក្នុងដំណើរត្រួតពិនិត្យនេះ ត្រូវបានទទួលស្វាគមន៍ដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថ ជាច្រើនរូបផងដែរ។

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញជូន គណៈប្រតិភូអំពីការសាងសង់ទីលាន បាញ់គ្រាប់ពិត ឃ្លាំងគ្រាប់ ឃ្លាំងអាវុធ ស្ថានីយ៍ផលិតទឹកស្អាតទី២ ឃ្លាំងភស្តុភាបច្ចេកទេស ទីតាំងមណ្ឌលពហុសិក្សា អគារទីចាត់ការ អាងស្តុកទឹក វេទិកា ការសិក្សារបស់សិក្ខាកាម និងអគារស្នាក់នៅ ហេត្ថារចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ ចាប់ផ្តើមដំណើរការសាងសង់ពីឆ្នាំ២០១៣ ក្នុងផ្ទៃដៃប្រមាណ ៥០០០ ហិចតា និងបានដំណើរការសាងសង់រហូតមកទាល់នឹងពេលនេះ សម្រេចតាមផែនការដែលបានគ្រោងទុក នឹងបញ្ជប់ការសាងសង់នៅឆ្នាំ២០២២ ខាងមុខ។

លោកបញ្ជាក់ថា មជ្ឈមណ្ឌលហ្វឹកហ្វឺននេះ នឹងក្លាយជាកន្លែងហ្វឹកហ្វឺនដ៏ធំសម្រាប់កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ហើយក៏ជាកន្លែងសម្រាប់ការប្រកួតបាញ់កាំភ្លើងអាស៊ាន នៅក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកីឡា SEAGame ឆ្នាំ២០២៣ ខាងមុខផងដែរ៕