(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រសួងទើបរកឃើញគ្រឹះស្ថានសិក្សាឯកជន ចំនួន២ទៀត មានពាក់ព័ន្ធករណីគណ:ប្រតិភូប្រទេសហុងគ្រី តម្រូវឲ្យផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀន រយៈពេល១៤ថ្ងៃ។

លោក រស់ សុវាចា បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា គិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា គ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀត (សរុបមានចំនួន០៦គ្រឹះស្ថានសិក្សា) ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិត ក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។

លោកបន្តថា ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០៖
* គ្រឹះស្ថានសិក្សាទី៦៖ សិស្ស២រូបមានមាតាបិតា ដែលបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី៥៖ សិស្ស២រូបដែលមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០៖
* គ្រឹះស្ថានសិក្សាទី៤៖ សិស្ស២រូប ដែលមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី៣៖ សិស្ស២រូប ដែលមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី២៖ សិស្ស២រូបដែលមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី១៖ បុគ្គលិក១រូបបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

ជាមួយគ្នានេះក្រសួងអប់រំ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ដែលស្ថិតនៅក្រោមឱវាទក្រសួងអប់រំទាំងអស់ ដែលមានការប៉ះពាល់ជាមួយនឹងគណៈប្រតិភូនៃប្រទេសហុងគ្រី មេត្តាបន្តរាយការណ៍មកលេខទូរស័ព្ទ៖ ០១២ ៣៣៥ ៩៩៩។

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់មេត្តាបន្តរាយការណ៍ជូនក្រសួង។ ចំពោះមុខនេះ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាពសុខភាព តាមគោលការណ៍ប្រតិបត្តិស្តង់ដារ របស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណ ជូនគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា៕