(ភ្នំពេញ)៖ គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ តាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សា លើកិច្ចសហប្រតិបត្តិការ នៃការថែរក្សាសន្តិសុខ តាមបណ្ដោយព្រំដែនរវាងកម្ពុជា-ឡាវ តាមប្រព័ន្ធទូរគមនាគមន៍ (Video Conference) នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

ខាងភាគីកម្ពុជាដឹកនាំកិច្ចប្រជុំ ដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយ ព្រំដែនកម្ពុជា-ឡាវ រួមជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ ចំណែកឯខាងភាគីគណៈកម្មាធិការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនឡាវ-កម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ថន សនតាអាត នាយអគ្គសេនាធិការរង នៃកងទ័ពប្រជាជនឡាវ រួមជាមួយសមាជិក។

ក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចាត់ទុកថា កិច្ចប្រជុំនេះមានសារសំខាន់ណាស់ សម្រាប់ភាគីយើងទាំងពីរ ក្នុងការពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែន រវាងប្រទេសទាំងពីរឱ្យមានស្ថេរភាព សន្តិសុខកាន់តែល្អ និងសន្តិភាពពិតប្រាកដ។

នេះក៏ជាកិច្ចប្រជុំលើកដំបូង ដើម្បីបង្ហាញអំពីសមាសភាពពីគ្នាទៅវិញទៅមក រវាងភាគីទាំងពីរ បានស្គាល់គ្នាតាមរយៈនៃកិច្ចប្រជុំនេះ ដោយភាគីកម្ពុជាមានជំនឿជឿជាក់ថា ភាគីកងទ័ពទាំងពីរនឹងអនុវត្តបានល្អត្រឹមត្រូវ តាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

ភាគីឡាវបានឯកភាព ចំពោះលទ្ធផលនៃកិច្ចប្រជុំនាថ្ងៃនេះ ដោយបានសំណូមពរដល់ភាគីកម្ពុជា បន្តជួបពិភាក្សាគ្នាបន្តទៀតទៅតាមពេលវេលា និងរួមគ្នាដោះស្រាយគ្រប់បញ្ហា ដែលកើតមានឡើងជាយថាហេតុណាមួយ ដោយសន្តិវិធី៕