(ភ្នំពេញ)៖ ស៊ុយអែតគឺជាប្រទេសមួយដែលបានជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាភ្លាមៗ ក្រោយពេលរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ ២៨ឆ្នាំក្រោយមក លោក ថូម៉ាស់ ហាម៉ាប៊ឺក គឺជាជនជាតិស៊ុយអែតតំណាងឲ្យអគ្គលេខាធិកាអង្គការសហប្រជាជាតិ ដែលបានដឹកនាំការចរចា និងឈានទៅដល់កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការបង្កើតឲ្យមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។

លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បាននិយាយថា៖ «ថ្វីត្បិតតែតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ទទួលការរិះគន់ដ៏សមហេតុសមផលមួយចំនួនក្តី ប៉ុន្តែតុលាការនេះគឺជាសមិទ្ធិផលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគួរឲ្យកត់សម្គាល់ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ»

ប្រទេសស៊ុយអែតបន្តការគាំទ្រចេញពីតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ទៅដល់ការអប់រំអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ នៅក្នុងថ្នាក់រៀន និងនៅតាមមូលដ្ឋាន ព្រមទាំងការធានាឲ្យមាននូវកេរដំណែលនៃការផ្សះផ្សា និងគោរពសិទ្ធិមនុស្សថែមទៀតផង។ ប្រទេសស៊ុយអែតបានគាំទ្រដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន។ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ប៊ីចូន ហេកម៉ាគ ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា និងបុគ្គលិករបស់លោកអញ្ជើញទស្សកិច្ចនៅការិយាល័យកណ្តាល របស់មជ្ឈមណ្ឌលឯកសារកម្ពុជា និង «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

ក្នុងអំឡុងទស្សនកិច្ចនៅការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ភ្ញៀវកិត្តិយសបានជួបសំណេះសំណាលជាមួយបុគ្គលិក និងយល់ដឹងអំពីការងារទូទៅរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកស្រី សូហ្វារីណា បានបង្ហាញអំពីទីតាំងស្រាវជ្រាវ, មជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហមនៅតាមបណ្តាខេត្តទាំង១០ ដែលគឺជាផ្នែកមួយនៃគម្រោងអប់រំអំពីរបបកម្ពុជាប្រជាធិបតេយ្យ នៃគម្រោងសំណងតាមផ្លូវតុលាការ នៅក្នុងក្របខណ្ឌនៃសំណុំរឿង០០២ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកាលពីឆ្នាំ២០១៣។ បន្ទាប់មកភ្ញៀវកិត្តិយសបានអញ្ជើញទៅកាន់ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

លោក ឆាំង យុ និងបណ្ឌិត ហូលីយ៉ូអេ. ជែលដ្រេស អតីតអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋ បានរៀបរាប់ជូនភ្ញៀវកិត្តិយសអំពី៖

១៖ ពិព័រណ៍សំខាន់ៗទាំងពីររបស់បណ្ណាល័យសម្តេចម៉ែ រួមមានពិព័រណ៍ព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ និងអត្ថន័យប្លង់រចនាអគារវិទ្យាស្ថានស្លឹករឹតរបស់លោកស្រី ហ្សាហាហាឌី ដែលជាស្ថាបត្យករល្បីល្បាញ និងកម្រមួយរូប
២៖ បរិក្ខារនានា និងម៉ាស៊ីនផ្ទុកឯកសារជាសារជាទម្រង់ឌីជីថល របស់បណ្ណាល័យសម្តេចម៉ែ។

ម៉ាស៉ីនផ្ទុកឯកសារឌីជីថលមានផ្ទុកឯកសារជាង១លាន៧សែនទំព័រ រួមមានឯកសារជាសន្លឹករូបថតភាពយន្តបទសម្ភាស និងឯកសារជាសម្លេងរបស់ អ្នករស់រានមានជីវិតក្នុងសម័យខ្មែរក្រហម ដែលត្រូវបានធ្វើឲ្យមានគុណភាពខ្ពស់ ដើម្បីធានាដល់ការអភិរក្សលើឯកសារឲ្យបានគង់វង្ស។ បណ្តុំឯកសារខាងលើត្រូវបានប្រមែប្រមូលមកពីច្រើនប្រភពក្នុងនោះ ស៊ុយអែតក៏ជាអ្នកផ្គត់ផ្គង់ឯកសារពាក់ព័ន្ធដ៏សំខាន់ដែរ។ នៅរយៈកាលចុងក្រោយមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តោតលើការបំលែងឯកសារដែលខ្លួនបានប្រមែប្រមូលចងក្រងអស់រយៈកាលជាង២៥ឆ្នាំ ទៅជាទម្រង់ឌីជីថល ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់សាធារណជន និងអ្នកស្រាវជ្រាវជាសកលឲ្យមានប្រសិទ្ធភាពជាងមុន។

នៅតាមការរិយាល័យស្រាវជ្រាវនៅបណ្តាខេត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្រៅពីឯកសារខ្មែរក្រហមក្នុងទម្រង់សន្លឹក ផ្តោតជាពិសេសទៅលើតំបន់នីមួយៗ មជ្ឈមណ្ឌលឯកសារកម្ពុជាបានតម្លើងកុំព្យូទ័រ និងបរិក្ខារជួយសម្រួលដល់ការសិក្សាស្រាវជ្រាវ ដើម្បីអនុញ្ញាតឲ្យសាធារណជន និងអ្នកស្រាវជ្រាវអាចប្រើប្រាស់ឯកសារទូទៅដែលមានផ្ទុកនៅក្នុងម៉ាស៉ីនផ្ទុកឯកសារឌីជីថល តម្កល់ក្នុងបណ្ណាល័យសម្តេចម៉ែនៅឯរាជធានីភ្នំពេញ ពីតាមបណ្តាទីតាំងការិយាល័យទាំងនោះ។ ម៉ាស៉ីនផ្ទុកឯកសារបានជួយសម្រួលដល់ការតបនឹងសំណើបានឆាប់រហ័ស និងប្រសើរជាងមុន។ មជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងបន្តប្រមែប្រមូលបទសម្ភាស និងឯកសារថ្មីៗបន្តទៀតនៅពេលបច្ចុប្បន្ន។

លោក ប៊ីចូន ហេកម៉ាគ បានចារចំណារអនុស្សារីយ៍ លើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានខ្លឹមសារដូចតទៅ៖

ថ្ងៃនេះក្រុមការងារមកពីស្ថានទូតស៊ុយអែតរបស់យើង បានសិក្សាយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្តសម័យទំនើប របស់ប្រទេសកម្ពុជាព្រមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការរារាំង មិនឲ្យអំពើឃោឃៅ និងអំពើហិង្សាផ្នែកសិទ្ធិមនុស្សកើតមានសារជាថ្មី។ សូមអបអរសាទរចំពោះការងារដ៏មានសារសំខាន់ និងកិច្ចខិតខំប្រឹងប្រែងបន្តទៀត៕