(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំពិព័រណ៌ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០ ដោយរួមបញ្ចូលគ្នាតាមរយៈយន្តការសំខាន់ពីរ គឺការរើសបុគ្គលិក និងរកការងារអនឡាញ ព្រមទាំងការរៀបចំតាំងបង្ហាញដោយក្រុមហ៊ុនធំៗផ្ទាល់ រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៤-១៥ ខែវិច្ឆិកាខាងមុខនេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដើម្បីឆ្លើយតបទៅនឹងវិធានការរក្សាគម្លាតសង្គម និងបង្ការសុវត្ថិភាពពីការរីករាលដាល នៃកូវីដ-១៩។

គោលបំណង នៃការរៀបចំពិព័រណ៌នេះ គឺការរួមចំណែកគាំទ្រដល់ភាគីពាក់ព័ន្ធ ក្នុងទីផ្សារការងារពិសេសនិយោជក ដែលកំពុងមានសន្ទុះតម្រូវការ កម្លាំងពលកម្មងើបឡើងវិញ ទោះបីរងការគំរាមកំហែងដោយកូវីដ-១៩ ក្តី។ NEA បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើវិធានការអនាម័យ និងសុខភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

ពិព័រណ៌ការងារអនឡាន នឹងដើរតួនាទីជាអន្តរការីយ៉ាងសកម្ម ក្នុងរក្សាតុល្យភាពការងារ នៅក្នុងទីផ្សារការងារកម្ពុជាបច្ចុប្បន្ន ដោយផ្តល់នូវជម្រើសងាយស្រួល ចំនួន២ គឺទី១៖ និយោជក និងអ្នកស្វែងរកការងារអាចដាក់ពាក្យតាមប្រព័ន្ធអនឡាន ដោយចូលទៅកាន់គេហទំព័រពិព័រណ៌ការងារ ឈ្មោះ www.careerfair.nea.gov.kh ដើម្បីមើលព័ត៌មានជ្រើសរើសបុគ្គលិក ស្វែងយល់អំពីក្រុមហ៊ុនធំៗ ដែលតាំងបង្ហាញ និងដាក់ពាក្យផ្ទាល់នៅលើ វេបសាយនោះតែម្តង។ ទី២៖ សាធារណជន និងភាគីពាក់ព័ន្ធអាចមកទស្សនា និងជួបក្រុមហ៊ុនផ្ទាល់ និងដាក់ពាក្យស្វែងរកការងារនៅក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល២ថ្ងៃ។

សម្រាប់សិស្ស និស្សិត និងអ្នកដែលកំពុងស្វែងរកការងារធ្វើ សូមចូលរួមឲ្យបានច្រើនកុះករ ក្នុងពិព័រណ៌ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០នេះ និងកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យសម្ភាសន៍ផ្ទាល់ ជាមួយក្រុមហ៊ុនធំៗ តាមអនឡាញ និងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា និយោជក និងអ្នកស្វែងរកការងារបន្តគាំទ្រ និងទទួលបានអត្ថប្រយោជន៍ពី ពិព័រណ៌ការងារនេះ ស្របពេលយើងទាំងអស់គ្នា ត្រូវចូលរួមយ៉ាងសកម្មក្នុងការជំរុញ ដំណើរការទីផ្សារការងារឲ្យប្រព្រឹត្តិទៅ ដោយរលូនរក្សាសុខភាព អនាម័យ និងបង្ការកូវីដ-១៩។ «យើងទាំងអស់គ្នា រើសបុគ្គលិក រកការងារ និងបង្ការការឆ្លងកូវីដ-១៩!»។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 017 467 423 / 017 871 807 / 096 2155 162 ឬ www.careerfair.nea.gov.kh