(ភ្នំពេញ)៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំជាមួួយ គណៈកម្មការជំនាញនៃព្រឹទ្ធសភា ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងវៀតណាម មុននឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាពេញអង្គ នាពេលខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័ត។

លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ខាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ចំណែកខាងព្រឹទ្ធសភាមាន ដឹកនាំដោយ លោក សុខ ឥសាន ប្រធានគណៈកម្មការទី៤ និងតំណាងគណៈកម្មការចំនួន៩ផ្សេងទៀតផងដែរ។

លោកស្រី បានបញ្ជាក់បន្ថែមថា ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានចុះហត្ថលេខា នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម រយៈពេល២ថ្ងៃ។

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទទួលយក កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ហើយត្រូវបានរដ្ឋសភាពេញអង្គ អនុម័តទាំងស្រុង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានសំឡេងគាំទ្រ ១១៦ លើ ១១៦ សំឡេង៕