(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្សព្វផ្សាយសៀវភៅក្រោមចំណងជើង មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅការអភិវឌ្ឍ ២០០៨-២០១៨។

សៀវភៅនេះ ចងចក្រដោយក្រុមបណ្ឌិតចំនួន៩រូប ដើម្បីឆ្លុះបញ្ចាំងពីសច្ចភាពប្រវត្តិសាស្ត្រ នៅក្នុងសង្គមកម្ពុជា និងជាកំណត់ត្រាពីសមិទ្ធផលសំខាន់ៗ របស់រដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ ដែលប្រព្រឹត្តទៅនៅសាលមរតកសិល្បៈខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។

សៀវភៅដែលមានក្របរូបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមចំណងជើង មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជាដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅការអភិវឌ្ឍ ២០០៨-២០១៨ ត្រូវបានប្រកាសផ្សព្វផ្សាយបញ្ចេញជាផ្លូវការ នៅថ្ងៃទី៦ ខែវិច្ឆិកានេះ។ សៀវភៅនេះ ចងក្រងដោយក្រុមបណ្ឌិតចំនួន ៩រូប ដែលដឹកនាំដោយបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា។

សៀវភៅ «មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅការអភិវឌ្ឍ ២០០៨-២០១៨» គឺជាសមិទ្ធផលស្រាវជ្រាវ ក្រោមការដឹកនាំស្រាវជ្រាវ និងផ្ដល់អនុសាសន៍ដោយផ្ទាល់ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ដែលបានចំណាយពេលសិក្សាស្រាវជ្រាវអស់រយៈពេល៣ឆ្នាំ និងបានគូសបញ្ជាក់អំពីដំណើរឆ្ពោះទៅរកសន្តិភាពនៅកម្ពុជា និងការអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក ពិសេសចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨។

សៀវភៅនេះមានកម្រាស់៥៩៦ទំព័រនេះ ចែកចេញជា៣ជំពូក គឺជំពូកទី១ ស្ដីពី «នយោបាយក្នុងប្រទេស», ជំពូកទី២ ស្ដីពី «នយោបាយការបរទេស» និងជំពូកទី៣ ស្ដីពី ការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា សៀវភៅនេះកើតចេញពីការសិក្សាស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រ ហើយត្រូវបានរៀបចំនិងចងក្រងដោយលោក និងអ្នកស្រាវជ្រាវ៦រូបទៀតរួមមានរួមមាន៖ បណ្ឌិត ខែក វីរៈ, បណ្ឌិត គី សេរីវឌ្ឍន៍, បណ្ឌិត ស៊ឺន សំ, លោក ចាន់វណ្ឌី, លោក ហេង វីរិទ្ធិ, លោក លឹម សុវណ្ណរិទ្ធ និងលោក ផាញ់ សារឿន ដោយបានផ្អែកលើឯកសារ ទិន្នន័យ និងមូលដ្ឋានព័ត៌មានជាក់លាក់ និងត្រឹមត្រូវ ព្រមទាំងមានការផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យ និងទស្សនៈយល់ឃើញពីក្រសួងស្ថាប័ន ដែលពាក់ព័ន្ធឥស្សរជននានា ស្ថានភាពដែលមានលក្ខណៈបច្ចុប្បន្នភាព និងជាក់ស្ដែងតាមរយៈជំនួបប្រជុំការសង្កេតកិច្ចសម្ភាស និងការវាយតម្លៃលើតថភាពជាមួយនឹងទ្រឹស្ដីតាមវិស័យនីមួយៗ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា ខ្លឹមសារនៅក្នុងសៀវភៅនេះ ត្រូវបានរៀបចំ និងចងក្រងឡើងដោយផ្ដោតទៅលើ ដំណើរវិវត្តនៃស្ថានការណ៍នយោបាយនៅកម្ពុជា ដំណើរការប្រជាធិបតេយ្យ និងសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងសម័យរាជាណាចក្រទីពីរ ការចូលរួមរបស់យុវជន សមាគម និងអង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍប្រទេសជាតិ ការធ្វើសមាហរណកម្ម តួនាទី និងសមិទ្ធផលរបស់កម្ពុជា ក្នុងអង្គការតំបន់ អន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដំណើរវិវត្តរាជធានីភ្នំពេញ ការពង្រឹងមូលដ្ឋានសង្វាក់ផលិតកម្មគាំទ្រដល់ដំណើរការសេដ្ឋកិច្ច និងការជំរុញ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈវិធានការគ្រប់គ្រងអតិផរណា វិធានការវិស័យទេសចរណ៍ និងវិធានការវិស័យហិរញ្ញវត្ថុ និងធនាគារជាដើម។

ក្រៅពីគូសបញ្ជាក់អំពីដំណើរវិវត្ត និងសមិទ្ធផលដែលរាជរដ្ឋាភិបាល សម្រេចបាននាអាណត្តិកន្លងមក សៀវភៅ «មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅការអភិវឌ្ឍ ២០០៨-២០១៨» ក៏ធ្វើការវិភាគទៅលើស្ថានភាពបច្ចុប្បន្នភាព បញ្ហាប្រឈម និងបានផ្ដល់ជាអនុសាសន៍ ដើម្បីជាធាតុចូលសម្រាប់បន្តការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាពផងដែរ។

ក្រុមអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិតសភាកម្ពុជា សង្ឃឹមថា សៀវភៅនេះអាចផ្តល់ជាអត្ថប្រយោជន៍ ដល់អ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវនូវជ្រុងណាមួយ ដែលអាចដកស្រង់ជាបទពិសោធ ជាមេរៀន ឬជាយុទ្ធសាស្ត្រសម្រាប់មនុស្សទៅថ្ងៃអនាគត៕