(បាត់ដំបង)៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានស្នើអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងយន្តការសម្របសម្រួលទប់ស្កាត់ការរើសអើង និងការប្រមាថលើជនមានពិការភាព។

ការស្នើឡើងរបស់រដ្ឋលេខាធិការសង្គមកិច្ចបែបនេះ ធ្វើឡើងនៅក្នុងពិធីបើកសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព នៅខេត្តបាត់ដំបង។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយវិស័យពិការការភាពនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាល មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណា ឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ ព្រមទាំងចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងសង្គម ដែលមានការគោរពសិទិ្ធ មានសេចក្តីថ្លៃថ្នូរ និងការធ្វើបរិយាបន្នពិការភាព ក្នុងគ្រប់វិស័យនិងការអភិវឌ្ឍ។

លោកថា «យើងមានបេសកកម្មរួមគ្នាមួយ គឺជំរុញការចូលរួមពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជនមានពិការភាព អង្គការមិនមែនរដ្ឋាភិបាលនានា រួមទាំងជនមានពិការភាព ដើម្បីធ្វើបរិយាបន្នពិការភាពទៅក្នុងការអនុវត្តផែនការសកម្មភាពរបស់ខ្លួន ឈានទៅសម្រេចបាននូវគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាព»។

លោកបានបន្តថា ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានរងឥទ្ធិពល និងប៉ះពាល់ដោយគ្រោះមហន្តរាយជាបន្តបន្ទាប់ បានធ្វើឱ្យប៉ះពាល់ស្ថានភាពរស់នៅ និងការធ្វើអាជីវកម្មរបស់ប្រជាជនកម្ពុជា នៅតំបន់មួយចំនួន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត។ ក្នុងនោះក៏មានក្រុមគ្រួសារ និងសមាជិកដែលមានពិការភាពរងផលប៉ះពាល់ពីគ្រោះមហន្តរាយនេះផងដែរ។

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានស្នើអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថាជនមានពិការភាពជាកម្មវត្ថុអាទិភាពក្នុងការធ្វើអន្តរាគមន៍ និងសូមជួយកំណត់អត្តសញ្ញាណ ផែនទីស្នាក់នៅរបស់ជន មានពិការភាព ដើម្បីធានាថា រាល់ព័ត៌មានអំពីគ្រោះហានិភ័យ ត្រូវបានដឹងមុន និងត្រូវបានសង្គ្រោះប្រកប ដោយសុវត្ថិភាព។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក យុន ឈុន្នី បានថ្លែងក្នុងឱកាសនោះថា ដើម្បីធានាដល់ការធ្វើបរិយាបន្ននិងសមភាពសម្រាប់ជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ ទម្រង់កេងប្រវ័ញ្ចនិងរើសអើងលើជនមានពិការភាព ដោយធ្វើយ៉ាងណា ឱ្យជនមានពិការភាពកាន់តែទទួលបានការគាំទ្រពីសង្គម បង្កើនគុណភាព ជីវិតឱ្យកាន់តែប្រសើរឡើង ទទួលបានការយកចិត្តទុកដាក់_ស្របតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) «មិនមាននរណាម្នាក់ ត្រូវបានបំភ្លេច»

លោក យុន ឈុន្នី បានបន្តទៀតថា រាជរដ្ឋាភិបាល បានធ្វើការវិនិយោគលើវិស័យ ពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងដើរលើផ្លូវត្រូវក្នុងការស្តារ និងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខ សន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច។

ភាពរីកចម្រើន នៃវិស័យពិការភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ កម្ពុជា ត្រូវបានគេសន្មត់ថាជាគោលនយោបាយលើកទឹកចិត្តដែលជាការ ជំរុញយ៉ាងសកម្មពីរដ្ឋាភិបាលកម្ពុជាទៅដល់ក្រុមហ៊ុន វិនិយោគនានា ក្នុងនោះរួមទាំងការផ្តល់ឱកាសអាទិភាពសម្រាប់ជ្រើសរើសជនមានពិការភាព ឲ្យចូលបម្រើការងារផងដែរ។ នេះជាការលើកបញ្ជាក់បន្ថែមរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក យុន ឈុន្នី៕