(ព្រៃវែង)៖ លោក ហ៉ី ធួក អភិបាលស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់ឲ្យភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែង ដឹងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា អគ្គិភ័យឆេះផ្សារកំពង់ពពិល ស្រុកពារាំង បានបំផ្លាញតូបលក់ដូរធំៗ របស់ប្រជាពលរដ្ឋអស់ប្រមាណ៧៥តូប ក្នុងចំណោមតូបក្នុងផ្សារទាំងអស់១០៥តូប ដែលខូចខាតទឹកប្រាក់ជាង៣៥ម៉ឺនដុល្លារ។

អភិបាលស្រុកពារាំងបានបញ្ជាក់ទៀតថា អគិ្គភ័យដែលបានឆាបឆេះផ្សារកំពង់ពពិលនេះ គឺបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ រហូតដល់ម៉ោង ១២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបស្ថានការអាចគ្រប់គ្រងបានវិញទាំងស្រុង។ ចំពោះមូលហេតុនៃការឆេះនេះ បណ្ដាលមកពីទុស្សេខ្សែភ្លើង។

កម្លាំងសមត្ថកិច្ចអាជ្ញាធរទាំងនៅខេត្តព្រៃវែង និងខេត្តកណ្តាល បានរួមគ្នាចុះអន្តរាគមន៍បន្ទាន់ រហូតដល់អាចពន្លត់ទាំងស្រុង ដោយប្រើប្រាស់ឡានទឹកអស់ចំនួន២១គ្រឿង មកពីខេត្តព្រៃវែង ខេត្តកណ្តាល និងឡានទឹករបស់ក្រុមហ៊ុន OCIC មកពីជ្រោយចង្វារផងដែរ។

បើតាមលោក ហ៉ី ធួក បានបញ្ជាក់ថា ចំពោះតូបដែលអគិ្គភ័យបានឆេះបំផ្លាញនេះ ជាលទ្ធផលបឋមឃើញថា គឺអស់ទាំងស្រុងចំនួន៧៥តូប ដែលស្មើនឹងទឹកប្រាក់ប្រហែលជាង៣៥ម៉ឺនដុល្លារ ប៉ុន្តែខណៈនេះអាជ្ញាធរកំពុងចុះពិនិត្យ និងវាយតម្លៃបន្តទៀត ដើម្បីដឹងតួលេខជាក់ស្ដែង។

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ ២០២០ នេះលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្ថានភាពជាក់ស្ដែង អំពីអគ្គីភ័យដែលបានឆាបឆេះ នៅផ្សារកំពង់ពពិល ស្រុកពារាំងនេះផងដែរ៕