(ភ្នំពេញ)៖ «យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃ «គម្រោងស្អាត» បានត្រឡប់មកវិញហើយ ជាមួយនឹងពាក្យស្លោកគន្លឹះ «ស្អាតជាទម្លាប់ថ្មី»។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០២០ នៅសាលធំអគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថ្មី ក្រោមអធិតីភាព លោក ហ៊ុន ម៉ានី សមាជិកនៃរដ្ឋសភា និងជាសហស្ថាបនិកនៃគម្រោងស្អាត។

យុទ្ធនាការនេះ ក្នុងបុព្វហេតុលើកកម្ពស់ការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ អំពីបច្ចុប្បន្នភាពនៃ «ពាក្យស្អាត» ក្នុងបរិបទកូវីដ១៩ សម្រាប់ដំណើរការប្រព្រឹត្តទៅ នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០នេះ។

ចាប់តាំងពីជំងឺរាតត្បាតសកលកូវីដ-១៩ បានអុកឡុកប្រជាជាតិ ក្នុងពិភពលោកទាំងមូលក្នុងអំឡុងការបើកទំព័រទសវត្សរ៍ថ្មីមក «ភាពស្អាត» បានក្លាយជានិន្នាការសាកលមួយ និងជាទម្លាប់ថ្មីមួយ ដែលមនុស្សជាតិត្រូវការ និងប្រកាប់ខ្ជាប់ជាចាំបាច់។

ដើម្បីជាការចូលរួមចំណែកជាមួយ អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល, យុទ្ធនាការភ្នំពេញស្អាត ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំនេះ នឹងចូលរួមលើកទឹកចិត្តឱ្យមនុស្សសម័យថ្មីប្រតិបត្តិនូវគោលការណ៍អនាម័យស្អាត និងវិធានការសុវត្ថិភាព ពីការឆ្លងកូវីដ១៩ រួមមានពាក់ការពាក់ម៉ាស ឱ្យបានជាប់លាប់នៅពេលចាំបាច់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសង្គម ចៀសវាងការប៉ះពាល់ ជាមួយសត្វ ឬអ្នកជំងឺក្អក និងគ្រុនក្ដៅជាដើម។

បន្ថែមពីលើនេះ «ភាពស្អាតដែលជាទម្លាប់ថ្មីនេះ» បានផ្សារភ្ជាប់ខ្លួនយ៉ាងពិតប្រាកដជាមួយនឹងការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដែលជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាតចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧។

ក្រុមការងារប្រតិបត្តិនៃយុទ្ធនាការភ្នំពេញស្អាតក៏បានបង្កើតកម្មវិធី ប្រកួតប្រជែងគម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត» ដើម្បីបើកឱកាសឲ្យសិស្សានុសិស្សនៅតាម វិទ្យាល័យរដ្ឋ និងឯកជន ព្រមទាំងនិស្សិតនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ បានបញ្ចេញស្នាដៃ បទពិសោធន៍ និងការយល់ដឹងក្នុងវិស័យបរិស្ថាន។

ក្នុងនោះដោយឈរលើស្មារតីច្នៃប្រឌិត គំនិតជឿនលឿន ក៏ដូចជានវានុវត្តន៍ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីឈានទៅរក «អនាម័យស្អាត» «មេត្រីភាពបរិស្ថាន» ក៏ដូចជាការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដោយមានភាពម្ចាស់ការលើខ្លួនឯង ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូ។

បន្ថែមលើផែនការសកម្មភាព «សាលាបរិស្ថានស្អាត», យុទ្ធនាការភ្នំពេញស្អាត បានពាំនាំនូវគំនិតច្នៃប្រឌិតថ្មី ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

ជាក់ស្ដែង នៅឆ្នាំ២០២០នេះ ក៏មានការផលិតវីដេអូ «ខ្សែភាពយន្តបែបអប់រំ និងមនោសញ្ចេតនាខ្លី បង្កប់ទឹសស្លោកថ្មីស្ដីពី ស្អាតជាទម្លាប់ថ្មី» ដើម្បីចាក់ផ្សាយនៅតាមបណ្តាញ ទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា, ការផលិតវីដេអូ Challenge នៅក្នុងកម្មវិធី Tik Tok ព្រមទាំងវីដេអូមោទនាភាព «ខ្ញុំស្អាត- ស្អាតជាទម្លាប់ថ្មី» ដើម្បីទាក់ទាញ យុវជនឱ្យចូលរួមលេងកម្សាន្ត និងផ្សព្វផ្សាយពីភាពជាគំរូក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានោះ កម្មវិធីហ្គេមឈ្នះរង្វាន់ ព្រមទាំងកម្មវិធី QR Codeលើទូរស័ព្ទដៃ និង Animated Infographic មួយចំនួនផងដែរនៅលើគេហទំព័រថ្មីរបស់យុទ្ធនាការភ្នំពេញស្អាតនៃគម្រោងស្អាត។

សូមជម្រាបផងដែរថា ឆ្នាំនេះគឺជាឆ្នាំទី៤នៃ «យុទ្ធនាការភ្នំពេញស្អាត» ដែលតែងតែធ្វើឡើងនូវរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ដែលត្រូវយុទ្ធនាការនេះប្រសិទ្ធនាមថាជា «ខែស្អាត»

«យុទ្ធនាការភ្នំពេញស្អាត» ត្រូវបានបង្កើតឡើងដោយសហស្ថាបនិកចំនួន៦រូប ដែលក្នុងនោះមាន លោក ហ៊ុន ម៉ានី លោកស្រី ទេព កូលាប លោក ជី សិលា លោកស្រី ជា សុផល្លា លោក ហៃ ភិរម្យ និងលោកស្រី ហេង ធីតា ដែលបានផ្តួចផ្តើមគំនិតនៅក្នុងការបង្កើតគម្រោងនេះឡើង។

នៅឆ្នាំ២០២០នេះ យុទ្ធនាការភ្នំពេញស្អាតនៃគម្រោងស្អាត បានទទួលកិច្ចសហការ និងការឧបត្ថម្ភគាំទ្រ ក៏ដូចជាការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីក្រសួងបរិស្ថាន និងរដ្ឋ បាលសាលារាជធានីភ្នំពេញ ព្រមទាំងក្រសួងអប់រំយុវជន និងកីឡា ដែលបានជួយសហការ និងគាំទ្រនៅក្នុងគម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត»

«យុទ្ធនាការភ្នំពេញស្អាត» ក៏ទទួលបានកិច្ចសហការពីបណ្តាក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សមាគម អង្គការមិនមែន រដ្ឋាភិបាល បណ្តាគ្រឹះស្ថានអប់រំ ពីមធ្យមសិក្សារហូតដល់ឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន ព្រមទាំងពីសំណាក់សាធារណជនផងដែរ៕