(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ស្ដីពី វិធានការសម្រាប់គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិក ឬសិស្សានុសិស្សមានការពាក់ព័ន្ធ នឹងដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូនៃប្រទេសហុងគ្រី នៅប្រទេសកម្ពុជា។

ដោយសារតែមានការវិវត្តថ្មីៗនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងសិស្សានុសិស្ស អនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

* គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូ របស់ប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ។

* បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងនោះ ត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯង១៤ ថ្ងៃ សាស្ត្រាចារ្យ បុគ្គលិកអប់រំសិស្សានុសិស្ស និងនិស្សិត ដែលមានការជាប់ពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវរាយការណ៍មកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទូរសព្ទលេខ ០១២ ៣៣៥ ៩៩៩ នៅត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០

* គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និងអ្នកអាណាព្យាបាល នៅតាមគ្រឹះស្ថានសិក្សាខាងលើ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត និង បន្តតាមដានសុខភាពផ្ទាល់ខ្លួន។ ក្នុងករណីមានការសង្ស័យ ត្រូវទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុ ការណ៍របស់ក្រសួងសុខាភិបាល

* គ្រឹះស្ថានសិក្សាទាំងអស់ត្រូវ ពង្រឹងការលើកកម្ពស់វិធានការអនាម័យ និងគោរពតាមគោលការណ៍ ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន៕