(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃពុធ ទី០៤ ខែវិច្ឆកា ឆ្នាំ២០២០ នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៤នាក់បន្ថែម ដែលនាំឲ្យករណីសរុបនៅទូទាំងប្រទេសកើនដល់១,២០៦ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ករណីឆ្លងថ្មីទាំង ០៤ករណីខាងលើ គឺសុទ្ធតែជាប្រភេទករណីនាំចូលពីក្រៅប្រទេស។ ដោយឡែក អ្នកជំងឺត្រូវបានអនុញ្ញាតឲ្យចាកចេញ ពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ មានចំនួនសរុប១,០៦៩នាក់ ខណៈករណីស្លាប់វិញមានចំនួនសរុប ៣៥នាក់។

ទោះជាយ៉ាងណា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ខ្លួនមិនបានរកប្រភេទករណីឆ្លងក្នុងស្រុក អស់រយៈពេល ៦៣ថ្ងៃជាប់ៗគ្នាមកហើយ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរវៀតណាមកំពុងជំរុញ ឲ្យមានការតេស្តសាកល្បងវ៉ាក់សាំង COVID-19 របស់ខ្លួន ទៅលើមនុស្ស នៅក្នុងខែវិច្ឆិការនេះតែម្តង ក្រោយពីបានតេស្តលើសត្វស្វា ដោយជោគជ័យ។

តាមរបាយការណ៍បានឲ្យដឹងទៀតថា ដំណាក់កាលដំបូងនៃការតេស្តសាកល្បង នឹងត្រូវធ្វើលើក្រុមអ្នកស្ម័គ្រចិត្តចំនួន ២០នាក់ ខណៈដំណាក់កាលទី២ នឹងមានមនុស្សចូលរួម ៦០០ នាក់ និងដំណាក់កាលទី៣ មានចំនួន ១០,០០០ នាក់៕