(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប និងទូរស័ព្ទ) និងកាន់កាប់អាវុធដោយខុសច្បាប់។

ជនសង្ស័យទាំងពីរ ទី១៖ឈ្មោះ ម៉ែន សុភក្រ្តា អាយុ២២ឆ្នាំ មានមុខរបរ អ្នកចាក់ភ្លេង (DJ) ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងទី២៖ឈ្មោះ ចាង សុវណ្ណរតនៈ ហៅតង អាយុ២២ឆ្នាំ មានមុខរបរជាងឈើ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង០២ទាបភ្លឺ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកង ចាប់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតកាំភ្លើងខ្លី១ដើមម៉ាក K59 ក្រោយពីរូបគេទាំងពីរធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទពីនារីម្នាក់ កំពុងអង្គុយចុចទូរស័ព្ទ ហើយត្រូវបាននារីរងគ្រោះ ស្រែកឆោរឡោផ្អើលដល់ប្រជាពលរដ្ឋ យកកៅអីគប់ និងទាញទម្លាក់ពីលើម៉ូតូ ប្រតាយប្រតប់គ្នា ធ្វើឲ្យជនសង្ស័យបម្រុងដកកាំភ្លើងបាញ់រំដោះខ្លួន ក៏ជ្រុះកាំភ្លើងទៅលើដី ខណៈនោះកម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកង មកដល់ជួយអន្តរាគមន៍ចាប់វាយខ្នោះទាំង២នាក់តែម្ដង។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំងពីរ បានសារភាពឲ្យដឹងថា រូបគេពិតជា បានធ្វើសកម្មភាពឆក់កាបូប និងទូរសព្ទដៃ ពីនារីរងគ្រោះពិតប្រាកដមែន ហើយរូបគេទាំងពីរតែង ប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៣ដងហើយទាំងលើកនេះ។

លើកទី១ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ឆក់បានទូរសព្ទដៃ០១គ្រឿង នៅចំណុចសាលារៀនសន្ធរម៉ុក, លើកទី២ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ផងដែរ ធ្វើសកម្មភាពឆក់មិនបានសម្រេច នៅចំណុចស្ពានអាកាស៥មករា ជាប់វិទ្យាស្ថានតិចណូ និងលើកទី៣នេះ ធ្វើសកម្មភាពមិនបានសម្រេចថែមទាំងត្រូវបាន កម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកងចាប់វាយខ្នោះ ជាប់ផងដែរ៕