(ព្រះវិហារ)៖ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានអំពាវនាវឲ្យរួមគ្នាលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗ ព្រោះថាមិនដឹងកូនគេ ឫក៏កូនយើងទេ ដែលត្រូវរងគ្រោះថ្នាក់ដោយសារគ្រឿងញៀនដែលគេនាំចូលមកចែកចាយនេះ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងថា បញ្ហាគ្រឿងញៀនជារឿងសកល មិនមែនមិនមែនតែខេត្តយើងមួយ ហើយក៏មិនមែនប្រទេសយើងមួយដែរ។ ប្រទេសខ្លះមានភេរវកម្មជារឿងទី១ ប្រទេសខ្លះគ្រឿងញៀនជារឿងទី១ សម្រាប់ជាកង្វល់របស់ប្រទេសនីមួយៗ។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ទៀតថា ប្រទេសខ្លះនៅមានសង្គ្រាម និងភេវរកម្មចំណែកប្រទេសខ្លះទៀតមានសុខសន្តិភាព ដូចប្រទេសកម្ពុជាយើង ចឹងដូច្នេះបញ្ហាគ្រឿងញៀនជារឿងធំ បញ្ហាចរាចរណ៍ជារឿងធំ ដែលចំណុចនេះយើងត្រូវគិតទាំងអស់គ្នា។

លោកថា ចុងខែកក្កដាកន្លងមកនេះ ក្នុងនាមលោកជាម្ចាស់ករណី គឺបានសហការជាមូយនាយកដ្ឋានជំនាញ មន្ទីរជំនាញរបស់គ្រឿងញៀន គឺបង្ក្រាបបានគ្រឿងញៀន២០១ដុំ ក្រោមការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដោយឡែកក្នុងខែ១០ ជាករណីរបស់មន្ទីរគ្រឿងញៀន គឺយើងចាប់បានជិត១៩០គីឡូក្រាមទៀត ហើយយើងពន្លាតដល់ភ្នំពេញ ក្រុងព្រះសីហនុបង្រ្កាបគ្រឿងញៀនបានសរុបប្រហែល៣តោន។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងយ៉ាងដូច្នេះទៀតថា ករណីគ្រឿងញៀនបើយើងទាំងអស់គ្នាមិនខិតខំទប់ស្កាត់និងបង្រ្កាបទេ មិនមែនតែកូនចៅអ្នកព្រះវិហារទេដែលជួបបញ្ហានេះ គឺម៉ាប្រទេស។ ព្រោះឥឡូវមិនមែនជំនាន់មុនដូចចាស់ៗតែងថានោះទេ ទាល់តែអ្នកមានលុយបានប្រើប្រាស់គ្រឿងញៀនបាន តែបច្ចុប្បន្ននេះការប្រើប្រាស់ ការចែកចាយគ្រឿងញៀនមានទាំងកម្មករ កសិករ រហូតដល់ចុងកាត់មាត់ញកទៀត។បើយើងមិនរួមគ្នាទប់ស្កាត់គឺមានបញ្ហាលំបាកសម្រាប់ក្មេងជំនាន់ក្រោយ មិនដឹងកូនចៅអ្នកណាខ្លះនោះទេ ដែលរងគ្រោះដោយក្រុម ជនល្មើសនាំគ្រឿងញៀនចូលមកចែកចាយដោយខុសច្បាប់នេះ។

លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងបញ្ជាក់ទៀតថា បើធ្វើមិនបាន គឺលោកសុំតែមួយទេ គឺផ្តល់ព័ត៌មានដល់លោកទៅបានហើយ ម៉ោងប៉ុន្មានក៏ដោយ ដើម្បីលោកចុះធ្វើកិច្ចការនេះបង្រ្កាបឲ្យបាន។ លោកថាឲ្យតែបទល្មើស ម៉ោងណាក៏ដោយ រាយការណ៍មកលោកចុះបង្ក្រាបភ្លាម។

លោក សួស សុខដារ៉ា បានសំណូមពរឲ្យលោកអភិបាលក្រុងស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពតាមក្រុងស្រុក សុំចូលរួមសហការជាមួយកងកម្លាំង និងពិនិត្យរឿងហេតុតាមក្រុង ស្រុកនិមួយៗឲ្យបានច្បាស់លាស់ ងាយស្រួលដឹកនាំបញ្ជាដើម្បីកុំឲ្យមានបញ្ហាណាមួយកើតឡើងសាចទឹកដាក់គ្នា៕