(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឱ្យឃើញថា ព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) បាននឹងកំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង។

ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះនេះបានប្តូរទិសដៅបន្តិចចូលមកផ្នែកខាងលើ នៃភាគខាងត្បូងប្រទេសវៀតណាម ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) នៅពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីយប់ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានស្ថានភាពដូចខាងក្រោម៖

*បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ។
*បណ្តារាជធានី-ខេត្តផ្សេងទៀត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ។

ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖