(ភ្នំពេញ)៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោក ម៉ៃឃើល តាំងខេងស៊ុង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ទើបចប់អាណត្តិការងារ បានបង្ហាញនូវចេតនារបស់ខ្លួនចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី កាន់តែល្អប្រសើរ និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត។

លោក ម៉ៃឃើល តាំងខេងស៊ុង បានថ្លែងបង្ហាញនូវបំណងរបស់ខ្លួនបែបនេះ ក្នុងឱកាសអញ្ជើញចូលជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបជម្រាបលាក្រោយបញ្ចប់ការងារនៅប្រទេសកម្ពុជានេះ លោក ម៉ៃឃើល បានបង្ហាញនូវមោទនភាពដែលបានបំពេញការងារនៅកម្ពុជាក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។

លោកឯកអគ្គរដ្ឋទូតសិង្ហបុរី បានគូសបញ្ជាក់ថា ក្នុងពេលបំពេញការងារនៅកម្ពុជា លោកបានបំពេញការងារយ៉ាងស្និទ្ធស្នាលជាមួយប្រជាជន មិត្តភក្កិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ។ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាការសហការយ៉ាងល្អពីរាជរដ្ឋាភិបាល ដែលនាំឲ្យបេសកកម្មកាទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជាវិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស បានឡើងខ្ពស់មួយកម្រិតទៀត។

លោកឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ ដោយសារក្នុងឆ្នាំចុងក្រោយនៃបេសកកម្មរបស់លោកចំពេលពិភពលោក រួមទាំងកម្ពុជា ត្រូវបានញ៉ាំញីដោយជំងឺកូវីដ១៩នោះ លោកឯកអគ្គរដ្ឋទូត បានមើលឃើញថា កម្ពុជា គឺជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ការរស់រស់នៅផុតពីការឆ្លងជំងឺកូវីដ១៩។

លោកទូតក៏បានជម្រាបសម្តេចតេជោផងដែរថា លោកពិតជាមានមោទនភាព ដែលរដ្ឋាភិបាលសិង្ហបុរី បានអនុញ្ញាតឲ្យលោករៀបចំកម្មវិធី ដើម្បីអបអរសាទរអនុស្សាវរីយ៍ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថាកម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាព មិនប្រឈមការឆ្លងជំងឺកូវីដ១៩ខ្លាំង។ ទោះក្នុងស្ថានភាពលំបាកបង្កដោយជំងឺកូវីដ១៩ យ៉ាងណាក្តី តែកម្មវិធីនោះបានរៀបចំដោយជោគជ័យ។

ក្នុងជំនួបនេះ លោក ម៉ៃឃើល តាំងខេងស៊ុង បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រីពីបំណងរបស់លោក ក៏ដូចជារដ្ឋាភិបាលសិង្ហបុរី ចង់ឃើញកម្ពុជានិងសិង្ហបុរី អាចមានទំនាក់ទំនងកាន់តែល្អប្រសើរឡើង និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការមួយកម្រិតថែមទៀត។

លោក ម៉ៃឃើល បានគូសបញ្ជាក់ថា ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរ ទាមទារឱ្យមានការគាំទ្រ និងការសម្របសម្រួល និងកិច្ចប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល, ស្ថាប័ន និងស្ថាប័ន។ ជាពិសេសមន្ត្រីរាជការ និងមន្ត្រីរាជការ ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រកម្ពុជា រយៈពេលកន្លងមក ហើយក៏បានយល់ស្របផងដែរ ជាមួយការលើកឡើងពីការវាយតម្លៃអំពីទំនាក់ទំនងនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ក៏បានអរគុណលោក ម៉ៃឃើល ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពពង្រីកពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងបេសកកម្មកាទូតរយៈពេល៤ឆ្នាំកន្លះនៅកម្ពុជានេះ។

ពាក់ព័ន្ធជាមួយនឹងកូវីដ១៩ សម្ដេចបានជម្រាបលោកទូតនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រើយុទ្ធសាស្ត្រ ប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈសមរភូមិចំនួន៣។

សមរភូមិទាំង៣នោះរួមមាន៖ ទី១. គឺប្រយុទ្ធទប់ស្កាត់ កុំឲ្យមានការនាំចូលជំងឺនេះ ចូលមកកម្ពុជា, ទី២. គ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ កុំឲ្យឆ្លងទៅកាន់សហគមន៍ និងទី៣ ប្រឹងប្រែងព្យាបាលអ្នកជំងឺ ដែលបានឆ្លងជំងឺនេះ ឲ្យបានជាសះស្បើយ៕