(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជា កាន់តែច្រើនមានការងារសមរម្យប្រកបដោយផលិតភាព និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គមប្រកបដោយតម្លាភាព និងសមធម៌។

នេះជាការថ្លែងរបស់លោករដ្ឋមន្ត្រី អ៉ិត សំហេង នៅក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

នាឱកាសនោះ លោក អ៉ិត សំហេង លើកឡើងថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ ផ្ដោតការយកចិត្តទុកដាក់លើគោលដៅអាទិភាពសំខាន់ៗចំនួន ៣ រួមមាន៖

១៖ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើនទទួលបានការងារសមរម្យប្រកបដោយផលិតភាព ដោយសារការកើនឡើងនូវពិពិធកម្មសេដ្ឋកិច្ច ផលិតភាព ភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

២៖ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើនមានការងារធ្វើប្រកបដោយសុខភាព និងសុវត្ថិភាព និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គមប្រកបដោយចីរភាព តម្លាភាព និងសមធម៌។

៣៖ សំវាទសង្គម ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ត្រូវបានធ្វើឱ្យប្រសើរឡើងស្របទៅតាមបទដ្ឋានអន្តរជាតិខាងការងារ រាប់បញ្ចូលទាំងសម្រាប់ពលករទេសន្តរប្រវេសន៍។

សិក្ខាសាលាត្រីភាគីនេះមានគោលបំណងពិនិត្យមើលអំពីសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសមេ្រចបានក្នុងឆ្នាំ២០១៩ និងសកម្មភាពអាទិភាពក្នុងឆ្នាំបន្ទាប់ និងការកំណត់បញ្ហាប្រឈមសំខាន់ៗ ដើម្បីជំរុញការអនុវត្តសម្រេចឱ្យបានជោគជ័យលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ ដែលបានអនុម័តកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

ទន្ទឹមនឹងនេះ កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ ក៏ជាកម្មវិធីដ៏សំខាន់គាំទ្រដល់ការចូលរួមសម្រេចឱ្យបាននូវគោលដៅទាំងនេះផងដែរ ហើយវាក៏ជាក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០។

លោក អ៉ិត សំហេង បញ្ជាក់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ទន្ទឹមនឹងបញ្ហាប្រឈមដែលជួបប្រទះ ក៏កម្ពុជាបានដកស្រង់នូវបទពិសោធន៍ ក៏ដូចជាស្វែងរកឃើញនូវកាលានុវត្តន៍ថ្មី ដោយសារតែកម្ពុជាមានសម្តេចតេជោនាយករដ្ឋមន្រ្តីដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត វិធានការ ឆ្លើយតបនឹងសភាពការណ៍ និងការវិវឌ្ឍនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល តាំងពីដំណាក់កាលទី១ រហូតមកដល់បច្ចុប្បន្ននេះដំណាក់កាលទី៤ គឺជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយ ធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ផ្អែកលើយុទ្ធសាស្រ្តនេះ និងគោលនយោបាយមួយចំនួនទៀត ក្រសួងបានយកធ្វើជាមូលដ្ឋានក្នុងជំរុញអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដើម្បីសម្រេចឱ្យបានគោលដៅអាទិភាពទាំង៥ រួមមាន៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការរក្សា និងបង្កើនមុខរបរ និងការងារនៅក្នុងនិងក្រៅប្រទេស, ការអភិវឌ្ឍរបបសន្តិសុខសង្គម, និងការពង្រឹងសេវាគាំទ្រទូទៅ។

លោករដ្ឋមន្ត្រីបន្តថា អង្គការអន្តរជាតិខាងការងារ (ILO) តែងតែគាំទ្រក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយ និងកម្មវិធីនានា ក៏ដូចជាកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដែលជាការចាំបាច់ធានាឱ្យមានវឌ្ឍនភាពដែលអាចវាស់វែងបាននៅកម្រិតប្រទេស សំដៅសម្រេចគោលដៅការងារសមរម្យសម្រាប់ស្រ្តី បុរស យុវជន និងក្រុមជនងាយរងគ្រោះ។

គួរជម្រាបថា ប្រទេសកម្ពុជាបានអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាបានចំនួន ៥ ដំណាក់កាលមកហើយ គឺលើកទី១ សម្រាប់ឆ្នាំ២០០៥-២០០៧, លើកទី២ សម្រាប់ឆ្នាំ២០០៨-២០១០, លើកទី៣ សម្រាប់ឆ្នាំ២០១១-២០១៥, លើកទី៤ សម្រាប់ឆ្នាំ២០១៦-២០១៨ និងលើកទី៥ សម្រាប់ឆ្នាំ២០១៩-២០២៣៕