(ភ្នំពេញ)៖ បន្ទាប់ពីជួបជាមួយប្រមុខការទូតកម្ពុជា និងសម្ពោធការិយាល័យស្ថានទូតហុងគ្រីប្រចាំនៅកម្ពុជា អំឡុងបំពេញទស្សនកិច្ចផ្លូវការនេះ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បន្តចូលជួបជាមួយ លោក សួស យ៉ារ៉ា សមាជិករដ្ឋសភាកម្ពុជា នៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រមុខការទូតនៃប្រទេសហុងគ្រី បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

លោក ភីធើ ស៊ីចាតូ ជារដ្ឋមន្រ្តីការបរទេសនៃប្រទេសជាមិត្តទី៣ ដែលបានមកដល់កម្ពុជា អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពី រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ កាលពីខែសីហា ឆ្នាំ២០២០ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។

ក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ភីធើ ស៊ីចាតូ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជានិងហុងគ្រី៕