(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយយា និងលោក កែវ សាមឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយយា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យផ្លូវថ្នល់ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងបានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យជាក់ស្ដែងផ្លូវចំនួន ២កន្លែង ដើម្បីចាត់វិធានការណ៍ឆ្លើយតបបន្ទាន់ក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ពេលចុះពិនិត្យនោះ ក៏មានការចូលរួមពីលោក ឈឹម បុរស អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ លោក ខែក សុផាត ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទ លោក លោកស្រីក្រុមប្រឹក្សាឃុំ និងលោកនាយប៉ុស្ដិ៍រដ្ឋបាលឃុំ សរុបអ្នកចូលរួមប្រមាណ ១៤នាក់ ស្រី១នាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងចំនួន៤ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តស្តារផលប៉ះពាល់ផ្សេងៗ ដោយសារតែគ្រោះទឹកជំនន់។ ក្រោយទទួលបាន បទបញ្ជាខាងលើនេះភ្លាម និងទឹកមានស្ថានភាពស្រកផងនោះ គេសង្កេតឃើញក្រុមការងារ និងអាជ្ញាធរតាមមូលដ្ឋានបានចុះត្រួតពិនិត្យផ្លូវ ថ្នល់ ដើម្បីធ្វើការវាយតម្លៃ និងត្រៀមជួសជូលឡើងវិញជាហូរហែ៕