(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស១គ្រឿង WATERGEN ( ប្រភេទ GEN-M ) ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនដល់មន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។

ពិធីប្រគល់-ទទួលនេះបានធ្វើឡើងនៅមន្ទីមិត្តភាពខ្មែរ-សូវៀត ដោយលោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាអ្នកទទួលផ្ទាល់ និងដោយមាន ការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យ ជាច្រើនរូបផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស១គ្រឿង ដែលបានប្រគល់នៅពេលនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងកំឡុងពេលនាំកូនចៅ មកទទួលសេវាព្យាបាល នៅក្នុងមន្ទីមិត្តភាពខ្មែរ-សូវៀត ដើម្បីកាត់បន្ថយការយកមកនូវទឹកបរិសុទ្ធមកតាមខ្លួន និងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៉ីស្រាអែល ហើយមានសមត្ថភាព ផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។ ម៉ាស៊ីនផលិតទឹកសុទ្ធនេះ គឺទាញយកខ្យល់ក្នុងបរិយាកាសមកផលិតជាទឹកបរិសុទ្ធតែម្តង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែ មថា នេះជាម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស WATERGEN ( ប្រភេទGEN-M ) ទី៤ហើយ ដែលបានប្រគល់ជូនមន្ទី ពេទ្យធំៗក្នុងរាជធានីភ្នំពេញ ហើយម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសទី៥ ១គ្រឿងទៀត និងត្រូវប្រគល់ជូនមន្ទីពេទ្យព្រះកុសុមៈ( ពេទ្យលោកសង្ឃ) ក្នុងពេល ឆាប់ៗនេះផងដែរ។

លោកសាស្ត្រាចារ្យ ងី ម៉េង បានថ្លែងថា ម៉ាស៊ីនផលិតទឹកនេះ ពិតជាផ្តល់សារៈសំខាន់សម្រាប់មន្ទីរពេទ្យ ជាពិសេសប្រជាពលរដ្ឋដែលនាំកូនចៅមកពិនិត្យ និងសម្រាក ព្យាបាលជំងឺនៅមន្ទីរពេទ្យប្រមាណ៣ពាន់នាក់ក្នុង១ថ្ងៃ អាចប្រើប្រាស់ម៉ាស៊ីនផលិតទឹកស្អាតនេះបាន ប្រកបដោយគុណភាព និងកាត់បន្ថយការចំណាយទិញ ទឹកពីខាងក្រៅ និងអាចជួយកាត់បន្ថយភាពក្រីក្របានមួយផ្នែកផងដែរ។

លោកសាស្ត្រាចារ្យ ងី ម៉េង ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្រគល់ ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសនេះ ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសសម្តេចតែងតែជួយលើតម្រូវការចាំបាច់ របស់មន្ទីពេទ្យ មិត្តភាពខ្មែរ-សូវៀត ផងដែរ។

សូមជម្រាបថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយទាញយកពីបរិកាសចំនួន៥គ្រឿង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្តល់ដាក់នៅតាមមន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់៕