(ភ្នំពេញ)៖ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីរជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ ដោយឃាត់ខ្លួនមេខ្លោងម្នាក់ និងថ្នាំជាង៧គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា, លោកវរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង លោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួលដឹកនាំពីសំណាក់ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវ ៥A បុរីលឹមឈាងហាក់ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រតិបត្ដិការចុះបង្ក្រាបគ្រឿងញៀននេះ ក្រោមការដឹកនាំបញ្ជា របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ចំពោះលទ្ធផលបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ដោយចាប់បានសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៧ ៦២២ក្រាម។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកសាងសំណបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕