(កំពង់ស្ពឺ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ៩ខែ ឆ្នាំ២០២០នេះ ករណីជំងឺគ្រុនចាញ់សរុបទូទាំងប្រទេសចំនួន ៧,៦៦៨ករណី ហើយគ្មានអ្នកស្លាប់នោះទេ។

ការថ្លែងបែបនេះរបស់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញបើកដំណើការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ សន្ធំដំណាក់កាលចុងក្រោយ ឆ្នាំ២០២០-២០២៣ នៅកម្ពុជាដែលបានប្រព្រឹត្តទៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្ដ្រីថ្លែងបន្ដថា «តាមរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្ត្រ ក្នុង៩ខែ នៃឆ្នាំ២០២០នេះ បានបង្ហាញថា ករណីជំងឺគ្រុនចាញ់សរុបទូទាំងប្រទេសក្នុងឆ្នាំ២០២០ មាន ៧,៦៦៨ករណី ឈឺ និងគ្មានស្លាប់។ ករណីឈឺឆ្នាំ២០២០នេះ គឺបានបន្តថយចុះ ៧០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន២៥,៤៩៩»។

រដ្ឋមន្រ្ដីសុខាភិបាល បានថ្លែងបន្ដថា នេះជាមោទនភាពបំផុត គឺជំងឺគ្រុនចាញ់ប្រភេទសន្ធំ (Plasmodium Falciparum) និងចំរុះមានតែ ៧៥៤ករណី គឺបានបន្តថយចុះយ៉ាងគំហុក ៧៩%។

យោងតាមយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ គឺកម្ពុជាយើងកំពុងឈរ នៅក្នុងពេលវេលាដ៏ជោគជ័យ តាមការគ្រោងទុករួចជាស្រេច តាមរយៈសមិទ្ធផលសម្រេចបានរួចជាស្រេចនូវសូចនាករ លែងឲ្យមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ តាំងពីឆ្នាំ២០១៨ គឺសម្រេចបានជោគជ័យ៣ឆ្នាំ មុនការគ្រោងទុករួចជាស្រេច និងសូចនាករមួយទៀត គឺត្រូវឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) នៅឆ្នាំ២០២០ បានន័យថា ដំណាច់ឆ្នាំ២០២០ គឺត្រូវឲ្យអត្រាជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) ទាបជាងអត្រា ១.០៥ ក្នុងចំណោមប្រជាជន ១,០០០នាក់ នៅតាមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនីមួយៗ និងឲ្យមកនៅសូន្យករណីនាដំណាច់ឆ្នាំ២០២៣។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បញ្ជាក់ថា «សព្វថ្ងៃអត្រាជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) ទូទាំងប្រទេស ក្នុង៩ខែ ដើមឆ្នាំ២០២០ គឺមានចំនួន ៧៥៤ករណី គឺអត្រាស្មើនឹង ០.០៧ ក្នុងចំណោមប្រជាជន ១,០០០នាក់ បានន័យថាជាតួលេខមួយកំពុងស្ថិត នៅក្នុងលទ្ធផលជោគជ័យបើប្រៀបទៅនឹងសូចនាករ គ្រោងទុកឆ្នាំ២០២០ ត្រឹម ១.០៥»

ក្នុងអត្រាសរុបនេះដែរ ខេត្តដែលនៅមានអត្រាខ្ពស់មាន ខេត្តកំពង់ស្ពឺ (អត្រា ០.៤៩), ខេត្តមណ្ឌលគិរី (អត្រា ០.៧៣), ខេត្តរតនគិរី (អត្រា ០.៤៦) និងខេត្តស្ទឹងត្រែង (អត្រា ០.៣៦)។

ដើម្បីឈានទៅសម្រេចបានជាគជ័យ លើការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬហ្វាល់ស៊ីប៉ារ៉ូម) ឲ្យអស់នោះ គឺចាំបាច់ត្រូវតែអនុវត្តនៅសកម្មភាព «លុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទសន្ធំដំណាក់កាលចុងក្រោយ ឆ្នាំ២០២០-២០២៣» នៅកម្ពុជា ដូចដែលបានរៀបចំឡើងនាពេលនេះ ដោយផ្តើមចេញដំណើរការប្រតិបត្តិការអនុវត្តដំបូងក្នុងខេត្តកំពង់ស្ពឺនេះ រួចនឹងពង្រីកទៅខេត្តផ្សេងទៀតជាបន្ត បន្ទាប់ពីធ្វើការវាយតម្លៃលើដំណើរការប្រតិបត្តិការនេះនាបីខែក្រោយ៕