(ភ្នំពេញ)៖ ចាប់ពីឆ្នាំ២០០៦ រហូតមកឆ្នាំ២០២០នេះ ពោលគឺមានរយៈពេល១៤ឆ្នាំ ដែលប្រទេសកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួន ចំនួន៧១២៣នាក់ ក្នុងនោះមានស្ត្រីចំនួន ៤១៩នាក់ ចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅបណ្តាប្រទេសចំនួន៩ ដែលកំពុងតែហែកហួរដោយសារតែភ្លើងសង្គ្រាមស៊ីវិល។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបន្ថែមពីនេះ ប្រទេសកម្ពុជា បានឈរនៅលំដាប់ទី២ នៅពីក្រោយប្រទេសឥណ្ឌូនេស៊ី ក្នុងបណ្តាប្រទេសអាស៊ានទាំង ១០ប្រទេស ជុំវិញការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់បន្ថែមទៀតយ៉ាងដូច្នេះថា៖ «ចាប់តាំងពីឆ្នាំ២០០៦ មកប្រទេសកម្ពុជា បានបញ្ចូនកងថែរក្សាសន្តិភាពចំនួន ៧,១២៣ នាក់ ក្នុងនោះមានស្ត្រីចំនួន ៤១៩នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ ជាពិសេសនៅទ្វីបអាហ្វ្រិក ដែលប្រទេសទាំងនោះកំពុងហែកហួរដោយសង្គ្រាម»។

បច្ចុប្បន្ននេះ កម្លាំងទ័ពមួកខៀវកម្ពុជា បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសលីបង់, សាធារណរដ្ឋស៊ូដង់ខាងត្បូង, ប្រទេសម៉ាលី និងអាហ្វ្រិកកណ្តាល និងមានចំនួន ០៥កង សរុបចំនួន ៧៧៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៧៥នាក់។

រយៈពេល១៤ឆ្នាំ នៃបេសកកម្មរបស់ខ្លួនកងទ័ពមួកខៀវកម្ពុជាចំនួន ១០នាក់ បានពលីជីវិត ក្នុងនោះនៅប្រទេសម៉ាលី ចំនួន០៥នាក់ (ពលីដោយសារជំងឺកូវីដ-១៩ ១នាក់) និងប្រទេសអាហ្វ្រិកកណ្តាល ០៥នាក់។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា នឹងមិនដកកងកម្លាំងរក្សាសន្តិភាពចេញពីប្រទេសដែលកំពុងរងគ្រោះឡើយ ហើយកម្ពុជារក្សាជំហរបញ្ជូនបន្ថែមឱ្យកាន់តែច្រើនទៀតផងដែរ។ សម្តេចក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសក្រនៅក្នុងអាស៊ាន តែកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយអន្តរជាតិ ក្នុងសកម្មភាពមនុស្សធម៌តាមរយៈកងទ័ពមួកខៀវ៕