(ភ្នំពេញ)៖ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នឹងជួបពិភាក្សាការងារក្នុងកិច្ចប្រជុំចង្អៀតមួយជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងការបរទេស បន្ទាប់ពីលោកបានមកដល់កម្ពុជា នៅម៉ោងជាង៦ព្រឹកមិញ។

ជំនួបរវាងប្រមុខការទូតនៃប្រទេសទាំង២ ធ្វើឡើងដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម និងបន្តដោយសន្និសីទសារព័ត៌មានរួមគ្នា។

ប្រមុខការទូតនៃប្រទេសហុងគ្រី បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៦៖៤៥នាទីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

សេចក្តីប្រកាសក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា អំឡុងពេលមកដល់កម្ពុជា លោក ភីធើ ស៊ីចាតូ ក៏នឹងចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ក្រោយជំនួបសម្តែងការគួរសមនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ដូចខាងក្រោម៖

១៖ កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី

២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី

៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី

ក្រៅពីនេះ អំឡុងទស្សនកិច្ចផ្លូវការ លោក ភីធើ ស៊ីចាតូ ក៏នឹងមានជំនួបដោយឡែកពីគ្នា ជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក សួស យ៉ារ៉ា សមាជិកសភាកម្ពុជាផងដែរ។

លោក ភីធើ ស៊ីចាតូ នឹងបន្តអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការការិយាល័យនៃស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញទៀតផង។

លោក ភីធើ ស៊ីចាតូ ជារដ្ឋមន្រ្តីការបរទេសនៃប្រទេសជាមិត្តទី៣ ដែលបានមកដល់កម្ពុជា អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពី រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ កាលពីខែសីហា ឆ្នាំ២០២០ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។

ក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ភីធើ ស៊ីចាតូ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជានិងហុងគ្រី៕