(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូការពារសេចក្តីព្រាងច្បាប់ចំនួនពីរនៅក្នុងប្រជុំពេញអង្គរដ្ឋសភាក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ សេចក្តីព្រាងច្បាប់ទាំងពីរនោះរួមាន៖ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន (AJCEP - 1st Protocol) និងការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម (AFAS10)។

ជាកិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ លោកស្រី និន សាផុន សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ថា គណៈកម្មការជំនាញទី៩ នៃរដ្ឋសភា ដោយមានការសហការពីគណៈកម្មការទី៥ នៃរដ្ឋសភា បានពិនិត្យ និងពិភាក្សាលើការស្នើសុំការផ្ដល់សច្ចាប័នលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន និងពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី រួចរាល់ហើយ ដោយការស្នើសុំនេះមានលក្ខណៈត្រឹមត្រូវតាមបែបបទ និងនីតិវិធី។

លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបអំពីខ្លឹមសារសំខាន់ៗនៃពិធីសារទាំងពីរនេះ ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជា នឹងទទួលបាននៅពេលពិធីសារទាំងនេះចូលជាធរមាន។

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក រដ្ឋសភា ក៏បានអនុម័តយល់ព្រមទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន (AJCEP - 1st Protocol) និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម (AFAS10) ដោយមាន ១១៦សម្លេង។

លោករដ្ឋមន្ត្រី ក្នុងនាមតំណាងរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចពញាចក្រីប្រធានអង្គប្រជុំ និងសមាជិក សមាជិការដ្ឋសភា ដែលបានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ទាំងពីរនេះ និងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងផ្ដល់នូវប្រយោជន៍ជាសារវ័ន្ដដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

គួរជម្រាបផងដែរថា វិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន នឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានភាពល្អប្រសើរឡើង ឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចពិភពលោក តាមរយៈការធ្វើសេរីភាវូបនីយកម្មលើពាណិជ្ជកម្មសេវាកម្ម បម្លាស់ទីរូបវន្តបុគ្គល និងការវិនិយោគ។

ក្រោយពីពិធីសារនេះចូលជាធរមាននឹងជំរុញការទាក់ទាញវិនិយោគិននិងធុរកិច្ចជនជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ហើយលំហូរនៃបច្ចេកទេសនិងបច្ចេកវិទ្យាកាន់តែមានភាពល្អប្រសើរ។

កម្ពុជានឹងអាចមានកាលានុវត្តភាពកាន់តែច្រើនក្នុងការទទួលបានផលប្រយោជន៍ពីពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្ដីពីសេវាកម្ម។ ដោយសារអាស៊ាន គឺជាទីផ្សារតំបន់ដ៏ធំមួយ ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគ និងធុរជនពីប្រទេសនានាក្នុងអាស៊ាន មកវិនិយោគលើវិស័យសេវាកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយបង្កើតឱកាសសម្រាប់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្មរបស់ខ្លួនទៅកាន់ប្រទេសនានាក្នុងអាស៊ាន។

លើសពីនេះទៀត កម្ពុជានឹងទទួលបានផលប្រយោជន៍លើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង បំណិន និងជំនាញថ្មីៗពីការវិនិយោគដោយផ្ទាល់របស់សមាជិកអាស៊ាន។ កម្ពុជានឹងអាចប្រមូលចំណូលពន្ធអាករកាន់តែច្រើនឡើងជាចំណូលជាតិ ដោយអនុលោមទៅតាមច្បាប់សារពើពន្ធកម្ពុជាពីការធ្វើអាជីវកម្មពាណិជ្ជកម្មសេវាកម្មរបស់សមាជិកអាស៊ានផ្សេងទៀតនៅកម្ពុជា៕