(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់ក្រុមការងារស្រាវជ្រាវគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ ដំណើរការទៅឱ្យបានឆាប់រហ័ស។

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយលោក Sun Wei អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងវិស្វករអន្ដរជាតិ នៃក្រុមហ៊ុន IPPR ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិ ក្នុងការសិក្សាស្រាវជ្រាវគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងសុខាភិបាល។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារសិក្សាស្រាវជ្រាវ និងបានស្នើសុំជំរុញការអនុត្ដគម្រោងនេះ ឱ្យបានឆាប់រហ័ស។

សូមជម្រាបថា ដោយពិនិត្យឃើញតម្រូវការនៃសេវាពិនិត្យ ពិគ្រោះ និងព្យបាលជំងឺនៅខេត្ដព្រះសីហនុ កើនឡើងជាបន្ដបន្ទាប់ ក្រសួងសុខាភិបាល បានលើកផែនការពង្រីក និងពង្រឹងមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ទាំងការផ្ដល់សេវាជំងឺទូទៅ ជំងឺឆ្លង ជំងឺរុំារ៉ៃ ការវះកាត់ ជំងឺកុមារ សម្ភព និងរោគស្ដ្រី។
លើសពីនោះ ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ការបណ្ដុះបណ្ដាលមន្ដ្រីសុខាភិបាលមន្ទីរពេទ្យ រួមទាំងការបំពាក់សម្ភារ បរិក្ខារ វេជ្ជសាស្ដ្រទំនើបៗ ដែលអាចធានាបាននូវការផ្ដល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ដូច្នេះក្រសួងសុខាភិបាល បានលើកសំណើរសុំជំនួយហិរញ្ញប្បទាន ឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីឆ្នាំ២០១៩កន្លងមក ។

ជាការឆ្លើយតប ភាគីមិត្ដចិន បានផ្ដល់នូវការអនុម័តលើសំណើសុំគម្រោងនេះ ដោយបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ចិន ស្ដីពីគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ និងគម្រោងផ្ដល់នូវឧបករណ៍មន្ទីរពិសោធន៍ សម្រាប់ធ្វើតេស្ដរកវីរុសកូវីដ-១៩ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រួមជាមួយ លោក វ៉ាង យ៉ី ទឹប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងការបទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរទស្សនកិច្ចនៃកម្ពុជា ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០កន្លងទៅ៕