(កណ្តាល)៖ បុរសម្នាក់ត្រូវឃាតកកាប់ចំនួន២កន្លែងចំថ្ងាស និងចំបំពង់កធ្លាយដល់ឆ្អឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិត នៅចំណុចភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ មន្រ្តីសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហោ សាំង អាយុ៤៥ឆ្នាំ មុខរបរកសិករ នៅភូមិឃុំកើតហេតុ។

សភាពរឿងហេតុនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ជនរងគ្រោះបានដើរចេញផ្ទះជាមួយឈ្មោះ ឌឹម ចក់ ភេទប្រុស អាយុប្រហែល៥៣ឆ្នាំ នៅភូមិឃុំជាមួយគ្នាដោយ នាំគ្នាទៅផឹកស្រានៅផ្ទះឈ្មោះ ឃ្លាំង យ៉ាន់ រហូតដល់ម៉ោង ១១.០០នាទីនាថ្ងៃដដែល ក៏មានមនុស្សប្រទះឃើញ ជនរងគ្រោះដេកស្លាប់ នៅលើផ្លូវថ្នល់ក៏ស្រែកឆោឡោ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាល។ ក្រោយពីសមត្ថកិច្ចជំនាញបច្ចេកទេសបានពិនិត្យលើខ្លួនសាកសពមានរបួស២កន្លែង លើថ្ងាសខាងឆ្វេង១កន្លែង និងលើបំពង់កស្នាមដាច់ដល់ឆ្អឹង។

ការស្លាប់របស់ជនរងគ្រោះ នៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ដោយរង់ចាំការស្រាវជ្រាវសិន៕