(ភ្នំពេញ)៖ ក្រុមប្លន់ប្រដាប់អាវុធចំនួន៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមម៉ាក K54 និងថ្នាំញៀន៤កញ្ចប់ធំ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ខណ្ឌចំការមន បង្ក្រាប និងចាប់ខ្លួននៅវេលាម៉ោងជិត៣ទៀបភ្លឺ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវ១៧៣ សង្កាត់ទំនប់ទឹក ខណៈជនសង្ស័យទាំងនេះកំពុងជិះម៉ូតូឌុបគ្នា អាចចេញធ្វើសកម្មភាពនៅកន្លែងណាមួយ។

អធិការនគរបាល ខណ្ឌចំការមន លោក យិន សាន បានប្រាប់អង្គភាព Fresh News នៅព្រឹកព្រលឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះថា ខណៈកម្លាំងយើងកំពុងល្បាតតាមមូលដ្ឋាន ស្រាប់តែជួបពួកវាទាំង៣នាក់ ពេលនោះដោយមានការសង្ស័យ ក៏ឃាត់សួរនាំស្រាប់តែគ្នាវាម្នាក់ ប្រុងទាញកាំបូប ដាក់កាំភ្លើងចង់តដៃ តែកម្លាំងយើងបានភ្ជង់បានមុន ហើយធ្វើការឆែកឆេរ ក៏ឃើញ កំាភ្លើងខ្លីមួយដើម និងថ្នាំញៀន៤កញ្ចប់។

លោក យិន សាន បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ ជាមុខសញ្ញាប្លន់ និងចែកចាយគ្រឿងញៀនតែសំណាងល្អ យើងចេញបង្ក្រាបទាន់ ហើយនៅពេលនេះស្ថិតក្រោមការសាកសួរនៅអធិការដ្ឋាន នគរបាល ខណ្ឌចំការមនដើម្បីចាត់ការតាមច្បាប់។

សម្រាប់ករណីជនសង្ស័យទាំង៣ នាក់កាប់ប្រហារទៅលើយុវជនម្នាក់ រួចប្លន់យកម៉ូតូបាត់នៅសង្កាត់បឹងកេងកងទី១ នាយប់មិញដដែលនេះ ត្រូវបានលោកអធិការប្រាប់ថា នៅមិនទាន់ច្បាស់ ជារឿងអ្វីពិត ប្រាកដនៅឡើយទេ ដោយសារតែជនសង្ស័យមានគ្នា២នាក់ ជិះចេញពីផ្ទះ ហើយក្រោយកើតហេតុ ជនម្នាក់ទៀតបានគេចបាត់ទៅ ដូច្នេះនៅបន្តសួរនាំ នៅព្រឹកថ្ងៃនេះទៀត៕