(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខអតីតនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារអាវុធហត្ថពលី មរណៈសរុបចំនួន៤៦នាក់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភថវិកាម្នាក់៥០ម៉ឺនរៀល ជូនអតីតនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារអាវុធហត្ថពលី មរណៈ និងនាយ នាយរង ពលអាវុធហត្ថខេត្តចំនួន១៦៦នាក់ ម្នាក់១០ម៉ឺនរៀល។
ក្រៅពីនោះបានឧបត្ថម្ភថវិកាជូនដល់អតីតយុទ្ធជនចំនួន២៨គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ សរុបចំនួន២៨០លានរៀល ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៣ ទី៤ ទី៥ កងពលធំលេខ២ លេខ៣ កងពលតូចអន្តរាគមន៍លេខ៤១ លេខ៤២ លេខ៥១ តំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុងមួយអង្គភាពចំនួន៤០លានរៀល ព្រមទាំងឧបត្ថម្ភថវិកា១៣២សែនរៀល ជូនដល់ពេទ្យចំនួន១៣២នាក់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩។

កាយវិការ និងការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា បង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ដល់សុខទុក្ខ ជីវភាពរស់នៅរបស់និវត្តន៍ជន ពិការ គ្រួសារអាវុធហត្ថពលី មរណៈ និងអង្គភាពទ័ពផងដែរ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។ នាយឧត្តមសេនីយ៍ បានកោតសរសើរចំពោះការដឹកនាំ ការសាមគ្គី ការមានវិន័យ ជាគំរូ និងការអនុវត្តតួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ទទួលបានលទ្ធផលល្អ៕