(បាត់ដំបង)៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមជាមួយអំណោយរបស់ក្រុមហ៊ុន GCCare /Uncle Lau’s Restaurant /Hong Kong Restaurants/ Mr.Zhen Kun Dan និងលោកស្រី វ៉ា សុជិន អគ្គនាយកាក្រុមហ៊ុន Best life Product Co.Ltd (ផ្ទះត្រចៀកកាំ) បាននាំគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ៣៩១គ្រួសារ នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ពិធីប្រគល់អំណោយនេះ ក៏បានការអញ្ជើញចូលរួមពីសំណាក់លោក ប៊ុន ដា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំឆ្នាល់មាន់ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង, លោក ចឹក ខឹម អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំឆ្នាល់មាន់ និងសមាជិកសមាជិកា ក្រុមការងារចុះជួយឃុំឆ្នាល់មាន់ លោកអភិបាលរងស្រុកគាស់ក្រឡ លោក អ៊ូច រ៉េត ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នាឱកាស នោះដែរក្រុមការងារក៏បានបានចូលរួមបច្ច័យបុណ្យសពជូនដល់ក្រុមគ្រួសារនៃសពក្នុងមួយគ្រួសារ ៤០០,០០០រៀល ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោក ប៊ុន ហុន និងក្រុមការងារ ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ។

សំណេះសំណាលជាមួយប្រជាពលរដ្ឋលោក ប៊ុន ហុន បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា សម្តេចក្រឡាហោម ស ខេង ដែលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅនិងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈដោយពុំទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះស្លាប់ដោយសារអត់អាហារនោះឡើយ។

ជាមួយគ្នានេះដែរ លោក ប៊ុន ហុនក៏បានមានមតិផ្តាំផ្ញើចំពោះប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមក្នុងកម្មវិធី ធ្វើយ៉ាងណាចូលរួមថែរក្សាការពារសេចក្តីសុខ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ និងបានផ្តាំផ្ញើ ធ្វើយ៉ាងណាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះធម្មជាតិនានាដែលអាចកើតមានឡើងជាយថាហេតុ ដូចជាករណីគ្រោះទឹកជំនន់កន្លងទៅថ្មីៗនេះ ដែលអាចបង្កឱ្យមានការខូចខាតដល់ទ្រព្យសម្បត្តិ ផលដំណាំ និងអាយុជីវិត ជាពិសេសកូនៗដែលនៅតូចដែលត្រូវយកចិត្តទុកដាក់ជាចំបង ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។

លោកក៏បានលើកឡើងថា ករណីជំងឺកូវីដ-១៩ ក៏ពុំទាន់ឃ្លាតចាកឆ្ងាយពីសង្គមជាតិយើង និងសកលលោក១០០% នៅឡើយ ដូចនេះត្រូវតែនាំគ្នាបន្តចូលរួមសហការការពារបន្តទៀត មិនត្រូវធ្វេសប្រហសជាដាច់ខាត។

ជាចុងក្រោយលោកក៏បានពាំនាំនូវមតិជូនពរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ ខេត្តបាត់ដំបង និងខេត្តព្រៃវែង នូវពុទ្ធពរទាំងបួនប្រការជូនដល់ប្រជាពលរដ្ឋនិងសមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ទទួលបាន អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕