(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ បានចុះបើកការដ្ឋានជួសជុលជាបន្ទាន់កំណាត់ផ្លូវ ដែលរងការខូចខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀង នាពេលកន្លងទៅ នៅក្នុងឃុំចំនួនបួន ក្នុងស្រុកតាំងគោក ដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។

ពិធីបើកការដ្ឋានខាងលើនោះ ត្រូវបានរៀបចំធ្វើទ្បើងនៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក ហាក់ ម៉ុងហ៊ួត អភិបាលស្រុកតាំងគោក រួមទាំងអាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ថោង ខុន បានបញ្ជាក់ថា ដោយអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបញ្ជាឲ្យរដ្ឋមន្រ្តីចំនួន៤ រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ឲ្យចុះមូលដ្ឋានជាបន្ទាន់ក្រោយជំនន់ទឹកភ្លៀង ដើម្បីសិក្សាស្រាវជ្រាវវាយតម្លៃការស្តារ និងជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផលដំណាំរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ សំដៅជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោក ថោង ខុន បានថ្លែងថា ដោយអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ក៏ដូចជាការអនុវត្ដនូវតួនាទីភារកិច្ចរបស់ខ្លួន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ នៅថ្ងៃនេះបានរៀបចំពិធីបើកការដ្ឋានជាបន្ទាន់ ដើម្បីជួសជុល និងស្តារទ្បើងវិញនូវផ្លូវគមនាគមន៍តាមមូលដ្ឋាន សម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការបើកការដ្ឋាននៅថ្ងៃនេះគឺសម្រាប់ផ្លូវក្នុងឃុំចំនួន៤ នៃស្រុកតាំងគោក រួមមានឃុំច្រនាង ឃុំស្វាយភ្លើង ឃុំសូយោង និងឃុំទ្រៀលដែលមានប្រវែងផ្លូវសរុបប្រមាណ១២,៤៥០ម៉ែត្រ។

លោកបានឲ្យដឹងទៀតថា ការបើកការដ្ឋានស្តារ និងជួសជុលផ្លូវដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀងទាំងបួនឃុំនាពេលនេះ គឺប្រើប្រាស់គ្រឿងចក្ររបស់សម្តេចតេជោ ដែលប្រចាំការនៅស្រុកបារាយណ៍ និងស្រុកតាំងគោក ហើយចំពោះប្រេងឥន្ធនៈ និងដីក្រហមជាកររួមចំណែករបស់ក្រុមការងារចុះជួយឃុំ។

លោកបន្ថែមថា គ្រោះទឹកជំនន់ទឹកភ្លៀងនាពេលកន្លងទៅនេះបណ្តាលឲ្យប៉ះពាល់ដល់ ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋប្រមាណ៣៧៩គ្រួសារ ក្នុងនោះឃុំច្រនាងចំនួន៤គ្រួសារ ស្មើនឹង៤ហិកតា, ឃុំស្វាយភ្លើងចំនួន៣៧គ្រួសារ ស្មើនឹង៦០ហិកតា, ឃុំពង្រចំនួន៦០គ្រួសារ ស្មើនឹង៥១ហិកតា, ឃុំសូយោងចំនួន៨៣គ្រួសារ ស្មើនឹង១០៨ហិកតា និងឃុំទ្រៀលចំនួន១៩៣គ្រួសារ ស្មើនឹង១៣៧ហិកតា។ ប៉ុន្តែដោយមានចំណាត់ការរបស់ថ្នាក់ដឹកនាំទាន់ពេលវេលា ក្រុមការងារសង្គ្រោះបានចំនួន៩៥ហិកតាផងដែរ។

លោករដ្ឋមន្ដ្រី ថោង ខុន បានរំលឹកឡើងវិញនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានបញ្ជាក់ថា សម្តេចក៏ដូចជាមន្ដ្រីគណបក្សប្រជាជនកម្ពុជាគឺមិនមានទម្លាប់រត់ចោលប្រជាពលរដ្ឋ ពេលប្រជាពលរដ្ឋជួបការលំបាកនោះទេ។ ប៉ុន្តែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ការលំបាកទាំងអស់ ដូច្នេះហើយក្នុងពេលដែលប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមក យើងឃើញវត្តមានទាំងសម្តេចតេជោ ទាំងសម្តេចកិក្តិព្រឹទ្ធបណ្ឌិត រួមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាចុះសស្រាក់សស្រាំជួយប្រជាពលរដ្ឋតាមមូលដ្ឋាន។

យ៉ាងណាក៏ដោយ លោក ថោង ខុន ថ្លែងអះអាងថា អ្វីៗទាំងអស់ដែលកំពុងមានវត្តមាននៅកម្ពុជាដ៏ពិសិដ្ឋនេះ គឺកើតឡើងដោយកត្តាសន្តិភាព ហើយបើគ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់ ដូច្នេះយើងទាំងអស់គ្នា ត្រូវពង្រឹងស្មារតីដាច់ខាតការពារសន្តិភាព ដែលយើងស្វែងរកបានដោយលំបាកក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុនសែន ក៏ដូចគណបក្សប្រជាជនកម្ពុជា ឲ្យបានគង់វង់ជានិរន្តន៍៕