(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក លឹម គៀនហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឱ្យធ្វើការងារបន្ទាន់ក្នុងការស្តារឡើងវិញទំនប់ទឹក «អាងតាម៉េង» ស្ថិតនៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលរងការវាយប្រការដោយជំនន់ទឹកភ្លៀងដែរនោះ។

វិធានការនេះ ដើម្បីរក្សាទឹកនៅក្នុង «អាងតាម៉េង» ទុកសម្រាប់ការធ្វើស្រែ និងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្រោយទឹកជំនន់ស្រកទៅវិញ។ លោករដ្ឋមន្ត្រី លឹម គៀនហោ បានចាត់លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំការជួសជុលទំនប់នេះឡើងវិញ។

ប្រជាពលរដ្ឋក្នុងឃុំគោកកឋិន បានថ្លែងថា «អាងតាម៉េង» នេះ បានផ្តល់ប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងឃុំគោកកឋិន ដោយមិនត្រឹមតែផ្តល់ជាប្រភពទឹកសម្រាប់ធ្វើស្រែ និងស្រោចស្រពផលដំណាំផ្សេងៗប៉ុណ្ណោះទេ។ «អាងតាម៉េង» នេះ ក៏ផ្តល់ជាប្រភពត្រីសម្រាប់ពលរដ្ឋរកមកធ្វើជាម្ហូបអាហារថែមទៀតផង។ ក្រៅពីនោះខ្នងទំនប់នេះ ក៏ផ្តល់ជាប្រព័ន្ធគមនាគមន៍សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។

ទំនប់ «អាងតាម៉េង» នេះ បានរងការខូចខាតមួយចំនួនព្រោះតែទឹកជំនន់នាពេលកន្លងទៅ។ បន្ទាប់ពីទឹកស្រកមន្ត្រី និងគ្រឿងចក្ររបស់ក្រសួងធនធានទឹកជាច្រើន បានដាក់ទៅជួសជុលខ្នងទំនប់នេះឡើងវិញ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទប់ទឹកសម្រាប់ស្រោចស្រព។

ប្រជាពលរដ្ឋឃុំគោកកឋិន បានបង្ហាញការរីករាយ និងអរគុណជាអនេកដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញវិធានការបន្ទាន់ក្នុងការជួសជុលទំនប់នេះឡើងវិញ សម្រាប់ទប់ទឹក និងសម្រាប់ការធ្វើដំណើររបស់ពួកគាត់។

ពលរដ្ឋក្នុងឃុំគោកកឋិន ក៏បានថ្លែងអំណរគុណដល់លោកទេសរដ្ឋមន្ត្រី គន់ គីម ផងដែរ ដែលក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយបានចុះជាប់ជាប្រចាំតាំងពីទឹកចាប់ផ្តើមជន់លិចនៅក្នុងឃុំគោកកឋិន។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់សម្តេចតេជោ។ ព្រោះតែហេតុនេះហើយសម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ក្នុងការដោះស្រាយទុក្ខលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះទឹកជំនន់នេះ។

លោកទេសរដ្ឋមន្ត្រី បន្តថា បទបញ្ជារបស់សម្តេចតេជោ ត្រូវបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនដោយមន្ត្រីជំនាញ ហើយកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។

ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសចុះពិនិត្យការជួសជុលទំនប់នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងអរគុណរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានធ្វើសកម្មភាពបន្ទាន់ក្នុងការជួសជុលទំនប់ទឹក «អាងតាម៉េង» ក៏ដូចជាទំនប់ទឹកដទៃទៀតដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង៕