(ភ្នំពេញ)៖ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះនរោត្តម​ រណឫទ្ធិ បានអះអាងថា ក្រុមបំបែកខ្លួនចេញពីបក្ស ដែលមានលោក ញឹក ប៊ុនឆៃ ជាមេដឹកនាំនោះ មានបំណងចូលកាន់កាប់ទីស្នាក់ការ ដែលជាអចលនទ្រព្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងបានអំពាវនាវដល់សមាជិក ដែលនៅរួមរស់ជាមួយបក្សទាំងអស់ ឲ្យរួមគ្នាការពារទីស្នាក់ការបក្សនៅទូទាំងប្រទេស។

នៅក្នុងលិខិត ដែលធ្វើដោយលោក សាយ ហាក់ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអំពាវនាវដល់សមាជិកបក្សនៅទូទាំងប្រទេស ត្រូវនៅប្រចាំការនៅទីស្នាក់ការបក្ស ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខ ទីស្នាក់ការបក្សឲ្យបានស្ថិតស្ថេរ។

លោក សាយ ហាក់ បានប្រាប់ទៅសមាជិកបក្សឲ្យឃ្លាំមើល រាល់សកម្មភាពរបស់ជនអនាមិក ទៅបង្កការអុកឡុក នៅទីស្នាក់ការបក្ស ហើយត្រូវប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ បើឃើញសកម្មភាពមិនប្រក្រតីណាមួយនោះ៕