(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្ម Galaxy Navatra និងកំពូលតារាចម្រៀង គឺលោក ព្រាប សុវត្ថិ លោក ប៉ុន សុណារិន (ខេម) កញ្ញា តន់ ចន្ទសីម៉ា និងក្រុមការងារ បានចូលរួមឧបត្ថម្ភថវិកាចំនួន២០,០០០ដុល្លាអាមេរិក និងអង្ករចំនួន២០តោន ដើម្បីចូលរួមចំណែក ជួយដល់កងទ័ពជើងគោករជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោក ឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) បានលើកឡើងថា នេះគឺជាទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងតារាចម្រៀងផលិតកម្ម Galaxy Navatra ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោក ក្នុងយុទ្ធនាការដោះស្រាយការងារ ជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្របំផុតចំពោះ ឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្ម Galaxy Navatra និងកំពូលតារាចម្រៀង គឺលោក ព្រាប សុវត្ថិ លោក ប៉ុន សុណារិន (ខេម) កញ្ញា តន់ ចន្ទសីម៉ា និងក្រុមការងារ ទាំងអស់ដែលបានចូលរួម ឧបត្ថម្ភថវិកា និងអង្ករក្នុងការជួយដល់កងទ័ព ដើម្បីសង្គ្រោះប្រជាជន នៅក្នុងគ្រាដ៏លំបាកនេះ៕