(សៀមរាប)៖ ដោយរីករាយនិងមានមោទនភាពដែលបានរស់នៅក្នុងសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងភរិយា ភុល ចន្ធី ព្រមទាំងដន្លង បុត្រាបុត្រី សហការី ញាតិមិត្តទាំងក្នុង និងក្រៅប្រទេស ឧបាសកឧបាសិកាចំណុះជើងវត្តបានសាមគ្គីគ្នា ផ្ដើមធ្វើបុណ្យកឋិនទាន ដង្ហែរចូលវត្តព្រះឥន្ទទេព ដែលនៅជាប់ពីខាងត្បូងប្រាសាទបាយ័ន អង្គរធំ និងប្រមូលបច្ច័យកសាងសមិទ្ធផលនានា ជាពិសេសកសាងប្រាសាទទុកជាបេតិកភ័ណ្ឌ គរុភ័ណ្ឌ ជាទីគោរពតទៅ។

សម្រាប់អង្គកឋិនទាននេះ បច្ច័យជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ទទួលបានពីសប្បុរសជន ហើយបានវេរប្រគេនរួចស្រេច ជូនព្រះចៅអធិកាវត្ត មានទឹកប្រាក់ចំនួន ៦៤៦៤៨.៥ដុល្លារអាមេរិក។

ដោយឡែកក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានចូលបច្ច័យកសាងប្រគេនដល់ព្រះសង្ឃ ក្នុងវត្តពោធិ៍បាត្រ ហៅវត្តច្បារអំពៅចំនួន៦លានរៀល និងសំរាប់ប្រាសាទ ព្រះអង្គគោកធ្លក ៥លានរៀល និងប្រគេនព្រះសង្ឃ២៨អង្គ ក្នុង១អង្គ៥ម៉ឺនរៀល ព្រមទាំងបានជូនថវិកា ដល់កងកម្លាំងរក្សាសណ្ដាប់ធ្នាប់សន្តិសុខ ក្នុងម្នាក់៥ម៉ឺនរៀល ដែលមាននគរបាលចរាចរណ៍៤នាក់ នគរបាលការពារបេតិកភ័ណ្ឌ១០នាក់ នគរបាលទេសចរ១នាក់ នគរបាលប៉ុស្តិ៍៥នាក់ ភ្នាក់ងារអប្សរា១២នាក់ និងប្រជាការពារ៨នាក់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមថ្វាយបង្គំដល់គុណព្រះរតនៈត្រ័យ គុណទសបារមីវត្តព្រះអង្គទេព ជាពិសេសបារមីនៃប្រាសាទអង្គរធំរាជធានី នៃអតីតអធិរាជាណាចក្រខ្មែរ សូមប្រសិទ្ធពរបវរមហាប្រសើរ និងសូមគោរពជូនពរដល់ពុទ្ធបរិស័ទ ដែលប្រកបដោយសទ្ធាជ្រះថ្លាទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕