(មណ្ឌលគិរី)៖ តំបន់រមនីយដ្ឋានជ្រៃយ៉ូស នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្ថិតនៅក្នុងដែនរបៀង ជំរកសត្វព្រៃភ្នំព្រេច កំពុងតែរងការរំលោភបំពាន ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

តាមព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា តំបន់រមនីយដ្ឋានជ្រៃយ៉ូសនេះ កំពុងតែរងការឈូសឆាយ ពីឈ្មួញ ដោយបំផុតឲ្យប្រជាពលរដ្ឋ ទៅកាប់ឆ្ការនៅតំបន់នោះ រួចធ្វើជាទិញបន្ដ។

បើតាមប្រភពព័ត៌មាន បានបន្ថែមទៀតថា តំបន់នោះ នៅមានស្ថានភាពជាព្រៃដ៏ស្គឹមស្កៃ ពេលនេះកំពុងបំផុសបំផុលប្រជាពលរដ្ឋ ឲ្យមកឆ្ការកាប់ព្រៃ នឹងទាមទារថា ជាកន្លែងដែលខ្លួនកំពុងអាស្រ័យផល។

សូមជម្រាបថា កន្លងមកលោក ស្វាយ សំអ៊ាង អភិបាលខេត្ដ និងមន្ទីរពាក់ព័ន្ធមានវិធានការជាបន្ដបន្ទាប់ ដើម្បីទប់ស្កាត់នៅតំបន់ខាងលើ ប៉ុន្ដែនៅតែមិនមានប្រសិទ្ធិភាព ដោយសារតែឈ្មួញ នៅតែបន្ដការកាប់ទន្ទ្រាន ដូច្នេះពលរដ្ឋសូមទទូចឲ្យអភិបាលខេត្តជួយអន្តរាគមន៍ និងទប់ស្កាត់មានវិធានការតាមច្បាប់៕