(កណ្ដាល)៖ លោក ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណៈបក្សខុទ្ធកាល័យ សម្ដេចតេជោ ហ៊ុន សែន តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ដែលបានរងផលប៉ៈពាល់ ដោយសារទឹកជំនន់កន្លងមក នៅក្នុងឃុំរកា និងឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចំនួន៣០០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ១ប៉ាវ ត្រីខ១យួរ មី១កេស និងថវិកា៣ម៉ឺនរៀល និងបានឧបត្ថម្ភថវិកា ជូនសាលាស្រុក និងសមត្ថកិច្ច។

លោក ណុប រ័ត្ននិមល បានថ្លែងថា ជាក់ស្ដែងនៅក្នុងអំឡុងពេលមានទឹកជំនន់កន្លងមកថ្មីៗ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាបន្ទាន់ ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថា្នក់ ចុះជួយអន្តរាគមន៍សង្រ្គោះជំលៀស ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងផ្ដល់អំណោយសង្រ្គោះ ទៅកាន់គោលដៅរងគ្រោះទឹកជំនន់ មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារដោយអាជ្ញាធរមិនបានដឹងនោះទេ។

លោកបន្ដថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនកម្លាំងសមាជិកតាមសាខាកាកបាទក្រហម និងអំណោយសង្រ្គោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់បានទាន់ពេលវេលា ក្នុងនោះដែរលោក ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រុមការងារ និងកងទ័ពចុះគ្រប់ទីកន្លែង ដើម្បីជួយសង្គ្រោះមនុស្សស្រី្តមានផ្ទៃពោះសម្ភារកូនចៅប្រជាពលរដ្ឋជាបន្ទាន់ នៅតំបន់ប្រឈមគ្រោះថ្នាក់ទឹកហូរខ្លាំង ដោយមិនគិតពីពេលវេលាយប់ថ្ងៃសោះឡើយ ធ្វើយ៉ាងណាជំលៀសប្រជាពលរដ្ឋ ឲ្យផុតពីមុខទឹកជំនន់ និងមានសុវត្ថិភាព។

ជាពិសេសព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់មន្រ្តីនាំយកអំណោយចុះចែកប្រជាពលរដ្ឋផងដែរ។ បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាល បានខិតខំទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺកូវីដ១៩ បានល្អមិនឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយជំងឺកូវីដ១៩ ជាមោទនៈភាពរបស់ប្រទេសយើង បើប្រៀបធៀបជាមួយប្រទេសដ៍ទៃ មានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩នេះច្រើនណាស់។

ចំណែកអតីតមេបក្សប្រឆាំង និងជនអគតិមួយចំនួន បានតែនិយាយអួតអាងស្រែកពីបរទេសថា ខ្លួនស្នេហាជាតិស្រលាញ់ប្រជាពលរដ្ឋ ប៉ុន្តែនៅពេលប្រជាពលរដ្ឋកំពុងរងគ្រោះ ដោយជំងឺកូវីដ១៩និងទឹកជំនន់ក្នុង១៩ខេត្តរាជធានី មិនដែលឃើញមេអួតអាងនោះ ចេញលិខិតថ្លែងនូវការសោកស្ដាយមរណៈទុក្ខ ឬជួយជាស្បៀងអារហារដល់ប្រជាពលរដ្ឋ ដែលរងគ្រោះបានម្ដងណានោះឡើយ បានតែសន្យាខ្យល់ មិនដែលបានធ្វើអ្វីមួយជាធំដំជូនជាតិ និងប្រជាជនកម្ពុជាម្ដងណាឡើយមានតែញុះញង់បរទេសឲ្យផ្ដាច់ជំនួយពីកម្ពុជាទៅវិញ។

លោកបានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៍ក្លាហានឈ្លាសវៃ ការពារប្រជាពលរដ្ឋដឹកនាំប្រទេស បានល្អដឹងសុខទុក្ខប្រជាពលរដ្ឋ មានការអភិវឌ្ឍគ្រប់វិស័យកសាងប្រទេសជាតិ ពីបាតដៃទទេ សម្ដេច និងវីវៈបុរសជាច្រើន បានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពជូនជាតិ និងប្រជាជន។

លោកបានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារថែរក្សាសន្តិភាព បន្តនូវការជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តការគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់អណត្តិជាបន្តបន្ទាប់៕