(តាកែវ)៖ នៅព្រឹកថ្ងៃសុក្រ ១៤កេីត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោករដ្ឋលេខាធិការប្រចាំការ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំក្រុមកាងារ បច្ចេកទេស ចុះធ្វើការជួសជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហម មួយខ្សែប្រវែង ១១ ២០០ ម៉ែត្រ ដែលខូចខាតទាំងស្រុងដោយជំនន់ទឹកភ្លៀង ឆ្នាំ ២០២០ និងស្ពានអូសារ៉ាយប្រវែង ៣០ ម៉ែត្រ បាក់ស្រុតដោយសារជំនន់ទឹកភ្លៀង ។ ផ្លូវនេះមានទីតាំងតភ្ជាប់ពីវត្តត្នោតជុំ ត្រង់ចំណុចភូមិត្នោតជុំទៅដល់ភូមិដំណាក់ថ្លុង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅព្រឹកថ្ងៃដដែលនោះដែរ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែទៀតក្នុងគម្រោងជួសជុលបន្ទាន់ មានប្រវែង ១៣ ៧០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំពពេល ឃុំជាងទង និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដែលបានខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងបានចាប់ផ្ដើមស្រកជាបណ្តើរៗហើយ បានបន្សល់ទុកនូវការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពានជាដើម។ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តយុទ្ធសាស្រ្ដពីរសំខាន់ៗ គឺ៖

ទី១៖ ចំពោះផ្លូវ ស្ពាន ដែលខូចធ្ងន់ធ្ងរ ឬដាច់ពុំអាចចរាចរណ៍បាន ត្រូវធ្វើការកែសម្រួលបន្ទាន់ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ។

ទី២៖ ត្រូវធ្វើការសិក្សាលម្អិត ដើម្បីធ្វើការជួសជុលឲ្យមានលក្ខណៈរឹងមាំប្រកបដោយគុណភាព។

សូមជម្រាបថា ការចុះពិនិត្យសិក្សា និងធ្វើការជួសជុលផ្លូវជនបទ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀងខាងលើនេះ គឺជាការឆ្លើយតបភ្លាមៗ តាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ឱ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សា និងជួសជុលឡើងវិញជាបន្ទាន់ នូវផ្លូវជនបទដែលរងខូចខាតដោយសារទឹកជំនន់ ដើម្បីសម្រួលចររាចរណ៍ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ៕