(កណ្ដាល)៖ គណបក្សប្រជាជនកម្ពុជា ប្រចាំនៅស្រុកលើកដែក ខេត្តកណ្តាល បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធិផលសន្និបាត លើកទី២៩ អាណត្តិទី៥ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦​នេះ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកស្រី ឃួន សុដារី សមាជិកគណអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងសមាជិកសមាជិកាជាច្រើនរូបទៀត។

លោកស្រី ឃួន សុដារី ប្រធានគណពង្រឹងមូលដ្ឋានស្រុកបានថ្លែងថា ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត នាឆ្នាំ២០១៧-២០១៨ ខាងមុខ អង្គសន្និបាតបានដាក់ចេញយុទ្ធសាស្ត្រគឺ ត្រូវរក្សាសមាជិកគណបក្សចាស់ ហើយបង្កើនសមាជិកថ្មី រៀបចំបង្កើនមន្ត្រីវ័យក្មេង និងស្ត្រីក្នុងរចនាសម្ព័ន្ធនៅគ្រប់ថ្នាក់ បន្តនិងរក្សាកត្តាសាមគ្គីភាព ឯកភាពផ្ទៃបក្សឲ្យបានល្អរួមទាំងការពង្រឹង អង្គការចាត់តាំងបក្សមូលដ្ឋាន។

លោកស្រី បន្ថែមថា អង្គសន្និបាតក៏បានគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលបានសម្រេចលុបចោលពន្ធ លើមធ្យោបាយដឹកជញ្ជូន យានជំនិះ និងយានធុនតូច របបម៉ៅការ និងការកំណត់តម្លៃសេវា សាធារណៈជាដើម ហើយនៅឆ្នាំ២០១៨ខាងមុខ នឹងតម្លើងប្រាក់បៀរវត្សឲ្យជាង១លានរៀល ជូនម​ន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រាក់សោធននិវត្តន៍និងក៏ជម្រុញ ការតម្លើងប្រាក់ឈ្នួល សម្រាប់និយោជិក កម្មករ កម្មការនីរោងចក្រ ឲ្យបានយ៉ាងតិច១៦០ដុល្លារក្នុងមួយខែ។

លោកស្រីបានបន្តថា ការតម្លើងនេះធ្វើឡើង ខណៈដែលការប៉ាន់ប្រមាណសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៥ កន្លងមកមានកំណើនក្នុងរង្វង់៧% ដែលអតិផរណាត្រូវបានរក្សាក្នុងកំរិតទាប អត្រាប្តូរប្រាក់រៀលមានស្ថិរភាព ធ្វើឲ្យអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពី ៥៣.២% នៅឆ្នាំ២០០៤ មកត្រឹម១៣.៥% នៅឆ្នាំ២០១៤។

លោកស្រី ប្រធានអង្គប្រជុំបានបន្តថា តាមរយៈការបង្កើនភាពប្រកួតប្រជែងនេះ កម្ពុជាបាននឹងជំរុញលើកទឹកចិត្ត រាល់សកម្មភាពវិនិយោគ និងការលើកកំពស់លក្ខខណ្ឌការងារដល់កម្មករ និយោជិក រួមទាំងការបញ្ចុះតម្លៃការប្រើប្រាស់អគ្គិសនី និងទឹក ពោលគឺនៅឆ្នាំ២០២០ ខាងមុខការផ្គត់ផ្គង់អគ្គិសនី នឹងមាននៅគ្រប់ភូមិស្រុកទូទាំងប្រទេស៕