(សៀមរាប-បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តសៀមរាម និងខេត្តបន្ទាយមានជ័យ ក្រុមមន្រ្តីបច្ចេកទេសក្រសួង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានបន្តដំណើរបេសកកម្ម ចុះពិនិត្យស្ថានភាពទឹកទូទៅ នៃខេត្តទាំង០២។

ការចុះមកត្រូតពិនិត្យស្ថានភាពទឹកនេះ ដើម្បីបន្ថែមមធ្យោបាយពន្លឿនសកម្មភាព អន្តរាគមន៍រំដោះបរិមាណទឹកជន់ ឲ្យស្រកលឿនហូរឆ្ពោះចូលទៅបឹងទន្លេសាប ដែលជាវិធាន ការចំពោះមុខដើម្បីបន្ថយផលប៉ះពាល់ ដល់ដំណាំបងប្អូនប្រជាពលរដ្ឋ ក្នុងប្រព័ន្ធអាងទឹកត្រពាំងថ្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងផ្នែកខាងក្រោមក្នុងខេត្តសៀមរាម។

ទន្ទឹមនឹងនោះ ក៏បានចាត់វិធានការជាបន្ទាន់ ដល់គ្រប់មុខព្រួញតាមបណ្តាខេត្តឲ្យខ្ចប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ជាពហុប្រយោជន៍នៅពេលខាងមុខផងដែរ។

តាមរយៈការចុះពិនិត្យជាក់ស្តែងនាព្រឹកនេះ លោករដ្ឋមន្រ្តី លឹម គានហោ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យផ្ទាល់នៅប្រឡាយកុមារ នៃប្រព័ន្ធត្រពាំងថ្ម ដែលជាប្រឡាយរំដោះទឹក និងស្រោចស្រព ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយក្នុងពេលបច្ចុប្បន្នប្រឡាយនេះ កំពុងបំពេញតួនាទី ជាប្រឡាយរំដោះទឹកយ៉ាងសំខាន់មួយ បន្លែមពីលើប្រឡាយមេធំៗចំនួន៣ សម្រាប់សម្រួលចរន្តទឹកពីអាងទឹកត្រពាំងថ្ម ហូរចុះទៅបឹងទន្លេសាប៕