(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយមកប្រគល់ ជូនហាកឹម ស្រុកកោះធំ សំរាប់ចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ដែលរងគ្រោះដោយទឹកជំនន់ចំនួនជាង១៥០០គ្រួសារ និងព្រមទាំងឧបត្ថម្ភការចាក់ផ្លូវពង្រីកបេតុងឱ្យធំទូលាយជាងមុន, ការដាក់អំពូលសឡាបំភ្លឺផ្លូវ, ការចាក់ច្រាំងទន្លេ, ការរៀបឥដ្ឋកន្សែង (ការ៉ូឡា) នៅបរិវេណវិហារឥស្លាម, ការធ្វើខ្លោងទ្វាវិហារឥស្លាម និងសាងសង់អគារវេសនដ្ឋានមួយខ្នង ព្រមទាំងម៉ាស់ ជេល អាល់កុល ម៉ាស៊ីនវាស់កំដៅ និងថ្នាំពេទ្យជាដើមសំរាប់សាសនិកមកថ្វាយបង្គុំនៅវិហារផងដែរ។

សកម្មភាពសប្ប្រសធម៌នេះ ក៏ឃើញមានការអមដំណើរដោយសប្បុរសជនមួយចំនួនផងដែរ ដែលត្រូវបានលោក ចៅ តុល កៀរគរមកជួយឧបត្ថម្ភបន្ថែមឲ្យកាន់តែច្រើនឡើងៗ ថែមទៀតដើម្បីជួយពលរដ្ឋស្រុកកោះធំ និងពង្រីកសមិទ្ធផលនានាជាច្រើនផ្សេងទៀត ឲ្យមានការរីកចំរើនទៅមុខជាលំដាប់។

នាឱកាសនេះ លោក ចៅ តុល បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈហើយតែងតែបារម្ភចំពោះប្រជារាស្ត្រកូនចៅមិនថាយប់ឬថ្ងៃឡើយ។

លោក ចៅ តុល បានអរគុណសន្តិភាព និងថា ទីណាមានទុក្ខលំបាកទីនោះតែងតែមានគណបក្សប្រជាជនកម្ពុជាជានិច្ច ដែលចាំសង្រ្គោះជានិច្ច ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ឡើយ ពោលគឺជួយទាំងអស់ ព្រោះគណបក្សប្រជាជនស្រលាញ់ជាតិ និងតែងតែនៅជាមួយប្រជាជាតិ ប្រជាជនជានិច្ចនិរន្ត។

លោក ចៅ តុល ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារនៅក្នុងបន្ទុកកុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ជាពិសេសបង្កឡើង ដោយការធ្វេសប្រហែល ចំពោះកុមារតូចៗលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យមានហានិភ័យកើតឡើជាយថាហេតុ ការពារពីសត្វអសិរពិសនានា ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅ ប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។

លោក ចៅ តុល អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំបញ្ជាក់ទៀតថា ទម្រាំស្រុកទេសយើងបានមករីកចំរើនមកសព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីដឹកនាំនាវាមួយនេះឱ្យមានសុខសន្តិភាពល្អ មានសេដ្ឋកិច្ចរឹងមាំ ដែលញ៉ាំងឱ្យវិនិយោគិនបរទេសចូលមកវិនិយោគកាន់តែច្រើនឡើងៗ ដើម្បីបង្កើនសេដ្ឋកិច្ចឲ្យកាន់តែរីកលូតលាស់ និងផ្ដល់ការងារនិងប្រាក់ខែល្អៗដល់ប្រជារាស្ត្រខ្មែរកាន់តែច្រើនឡើងៗផងដែរ។

លោក ចៅ តុល បានផ្ដែផ្ដាំដល់ពលរដ្ឋទាំងអស់បន្តអនុវត្តន៍តាមវិធានការកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់កយំឱ្យជម្ងឺនេះរីករាលក្នុងសហគមន៍ ដ្បិតរាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពខ្លាំងក្នុងការគ្រប់គ្រងមែនពិត ប៉ុន្តែសុំឲ្យពលរដ្ឋចូលរួមទាំងអស់គ្នាផងដែរ។

ក្រុមសប្បុរសជនឈ្មោះ ឧកញ៉ា សួន វីរៈតារា, ឧកញ៉ា ហាំង គា, លោក លឹម លាងឆាយ និងលោកស្រី ម៉ៅ មករា បានលើកឡើងស្រដៀង គ្នាថា ដោយសារតែមានចិត្ត អាណិតអាសូរដល់ពលរដ្ឋខ្មែរឥស្លាម ដែលកំពុងរងគ្រោះរងគ្រោះដោយជំនន់ទឹកភ្លៀង និងពិសេសមានចិត្តរំភើបពេលឃើញអាជ្ញាធរខេត្តកណ្ដាល ពិសេសគណៈពង្រឹងស្រុកកោះធំ ដែលមានលោក ចៅ តុល ដែលតែងតែខ្នះខ្នែងតែងតែចុះជួយដល់ពលរដ្ឋរងគ្រោះ ដែលនេះញ៉ាំងឱ្យមានចិត្តចង់ចូលរួមជួយ ហើយបានមូលមតិគ្នា ឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការផងដែរ ។

ស្ថិតក្នុងឱកាសនេះដែរ ក្រុមប្រជាពលរដ្ឋជាង១៥០០គ្រួសារ បានសំដែងទឹកមុខញញឹមញញេម សប្បាយរីករាបំផុត ឥតឧបមា ដោយបានប្រាប់ Fresh News ប្រចាំខេត្តកណ្ដាលថា ពួកគាត់មានការត្រេកអរណាស់ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ដែលបានគិតគូរយកចិត្តទុកដាក់ជួយសង្រ្គោះពលរដ្ឋ ខណៈដែលពួកគាត់កំពុងមានទុក្ខកង្វល់ទឹកលិចលង់។

ពិសេសបំផុតគឺសូមលើកម្រាមដៃ១០ អរគុណដល់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងលោក ចៅ តុល និងសប្បុរសជននានាទាំងអស់ ដែលមិនបំភ្លេចពលរដ្ឋចោល ហើយតែងតែជួយឃើញមុខជួយរាល់គ្រាមានអាសន្តអន់ក្រជានិច្ច មិនដូចបក្សផ្សេងទេ ដែលបានតែមាត់ តែគ្មានបានជួយអ្វីដូចបក្សប្រជាជនសោះឡើយ៕